រដ្ឋាភិបាលយោធាថៃកាលពីម្សិលមិញបានបញ្ជាក់ថា ខ្លួនបានសម្រេចទិញនាវាមុជទឹកពីប្រទេសចិន ដោយសារតែវាមានតម្លៃថោកត្រឹមតែ ១៣.៥ពាន់លានដុល្លារ ប៉ុន្តែអ្នកជំនាញនិយាយថានាវាចម្បាំងនេះគឺមានសមត្ថភាពយុទ្ធសាស្ត្រតិចតួច និងកំពុងសាកសួរតម្លៃ និងគុណភាពរបស់វានៅឡើយ។
គណៈរដ្ឋមន្ត្រីថៃ បានយល់ព្រមចំណាយថវិកាចំនួន ១៣.៥ពាន់លានដុល្លារ ទៅលើសំណើរបស់កងនាវាជើងទឹក ក្នុងការទិញនាវាមុជទឹកមួយគ្រឿងពីប្រទេសចិនដែលមានឈ្មោះថា S26T Yuan-class ដោយមេបញ្ជាការលោក ឧត្ដមនាវី Na Arreenich នឹងចុះកិច្ចសន្យាទិញ ជាមួយក្រុមហ៊ុនផលិតនាវារបស់ចិននាពេលឆាប់ៗនេះ។
ឧបនាយករដ្ឋមន្ត្រីថៃ លោក Prawit Wongsuwan និយាយថា " មូលហេតុដែលយើងសម្រេចទិញនាវាមុជទឹកចិន ដោយសារវាបានលក់ក្នុងតម្លៃថោកបំផុត បើប្រៀបធៀបទៅនឹងប្រទេសដ៏ទៃទៀត ហើយនាវានេះនឹងត្រូវបានដាក់ដំណើរការការពារធនធានធម្មជាតិរបស់យើងនៅសមុទ្រ Andaman ខណៈដែលប្រទេសជិតខាងមានរួចទៅហើយ”។
គួរបញ្ជាក់ផងដែរថា ថៃមានគម្រោងទិញនាវាមុជទឹកចំនួន ៣គ្រឿងបន្ថែមទៀត ក្នុងរយៈពេល៦ឆ្នាំក្រោយ ដែលត្រូវចំណាយទឹកប្រាក់ខ្ទង់ ៣៦ពាន់លានដុល្លារអាមេរិក ខណៈដែលប្រទេសជិតខាងមានដូចជា សិង្ហបុរី វៀតណាម ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីមាននាវាចម្បាំងរួចអស់ទៅហើយ ក្នុងអំឡុងពេលមានជម្លោះនៅសមុទ្រចិនខាងត្បូង៕
ប្រភព៖ nationmultimedia
