
អតីតនាយករដ្ឋមន្ត្រី ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) បានបង្ហាញខ្លួនយ៉ាងកម្រនៅលើ Facebook ក្រោយពីនាយកដ្ឋានពន្ធដារ ថៃ បញ្ជូនវិក្កយបត្របង់ពន្ធមានតម្លៃជាប្រាក់៥០០លានដុល្លារអាមេរិក ជាថវិកាដែលផ្នែកពន្ធដារអះអាងថាលោក ថាក់ស៊ីន ត្រូវបង់ពន្ធលើការលក់ភាគហ៊ុនក្រុមហ៊ុនទូរគមនាគមន៍កាលពីជាង១០ឆ្នាំមុន ។
ចំណែកលោក ថាក់ស៊ីន ដែលត្រូវបានបណ្ដេញចេញពីអំណាច និងកំពុងរស់នៅនិរទេសចខ្លួននៅបរទេស អះអាងថា របបយោធាគ្រប់គ្រងប្រទេសបច្ចុប្បន្ន បញ្ជូនវិក្កយបត្របង់ពន្ធ ដើម្បីកៀបសង្កត់រូបលោក និងជាបំណងមិនចង់សម្របសម្រួលគ្នា ។ លោក ថាក់ស៊ីន រស់នៅនិរទេសខ្លួនចាប់តាំងពីត្រូវបានគេម្លាក់ពីអំណាចក្នុងឆ្នាំ ២០០៦ ប៉ុន្តែចលនារាស្ត្រនិយមរបស់លោកនៅតែមានឥទ្ធិពលខ្លាំងក្នុងប្រទេស ថៃ ។
កងទ័ពបានធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ់ាត្រា ក្នុងឆ្នាំ ២០១៤ ក្រោមឈ្មោះថា ដើម្បីបញ្ចប់ចលាចលក្នុងប្រទេស ។ បច្ចុប្បន្នអតីតនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលយោធា កំពុងដំណើរការសម្របសម្រួលទំនាស់ដ៏ស្មុគស្មាញជាច្រើន ពិសេសបញ្ហានយោបាយរវាងក្រុមគាំទ្រលោក ថាក់ស៊ីន និងក្រុមគាំទ្ររាជានិយម ជាវិបត្តិដែលនាំទៅរកចលាចលនយោបាយយូរបំផុតក្នុងប្រទេស ថៃ ។
ប្រទេស ថៃ មានការបែកបាក់គ្នារវាងអ្នកគាំទ្រលោក ថាក់ស៊ីន ភាគច្រើននៅភាគខាងជើង និងឥសាន្តប្រទេស និងក្រុមគាំទ្ររបបយោធាដែលគេជឿថាស្មោះត្រង់នឹងមហាក្សត្រ ក្នុងទីក្រុង បាងកក និងនៅភាគខាងត្បូងប្រទេស ។
ប្រភពៈ asiancorrespondent
ផ្ដល់សិទ្ធិដោយ៖KQUBE