
ក្រុមបាល់ទាត់ស្ត្រី កូរ៉េខាងត្បូង បានបញ្ចប់ការប្រកួតជម្រុះក្នុងវគ្គជម្រុះដើម្បីឈានទៅដណ្ដើមពានរង្វាន់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC ដែលការប្រកួតនេះធ្វើឡើងកាលបីម្សិលមិញ ក្នុងទីក្រុង ព្យុងយ់ាង ប្រទេស កូរ៉េខាងជើង និងជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩០ ដែលប្រទេស កូរ៉េខាងត្បូង បញ្ជូនក្រុមបាល់ទាត់ស្ត្រីទៅកាន់ទីក្រុង ព្យុងយ៉ាង ។
កូរ៉េខាងជើង មិនចង់ឃើញទង់ជាតិ កូរ៉េខាងត្បូង លើកឡើងនៅលើទឹកដីរបស់ខ្លួន ដូច្នេះហើយបានជាក្រុមបាល់ទាត់នៃប្រទេសទាំងពីរ កម្រនឹងបានជួបប្រកួតគ្នាណាស់ ។ ក្នុងឆ្នាំ ១៩៩០ គឺកាលពី ២៧ ឆ្នាំមុន ការប្រកួតរវាងក្រុមបាល់ទាត់បុរសនៃប្រទេសទាំងពីរ បញ្ចប់ទៅដោយជ័យជម្នះបានទៅលើប្រទេស កូរ៉េខាងជើង ក្នុងលទ្ធផល ២-១ ។ ការប្រកួតនាពេលនោះ មិនត្រូវបានអនុញ្ញាតឲ្យលេងភ្លេងជាតិនៃប្រទេសទាំងពីរឡើយ ដើម្បីកាត់បន្ថយភាពតានតឹង ។
ទោះយ៉ាងណា ការជួបគ្នារវាងក្រុម កូរ៉េខាងត្បូង និង កូរ៉េខាងជើង ទាក់ទាញការចាប់អារម្មណ៍នៅទូទាំងពិភពលោក ប៉ុន្តែក្រុម កូរ៉េខាងជើង ធ្លាប់បានយកឈ្នះ កូរ៉េខាងត្បូង ក្នុងឆ្នាំ ២០១៤ ក្នុងការប្រកួតអាស៊ីហ្គេមទីក្រុង អ៊ីនឈួន លើទឹកដី កូរ៉េខាងត្បូង និងឈ្នះ កូរ៉េខាងត្បូង ម្ដងទៀតក្នុងការប្រកួតពានរង្វាន់អាស៊ីខាងកើតឆ្នាំ ២០១៥ ។
ប្រភពៈ asiancorrespondent