ទាហាន អាមេរិក កំពុងពន្លឿនដំណើរការដំឡើងប្រព័ន្ធការពារមីស៊ីលនៅលើទឹកដី កូរ៉េខាងត្បូង ស្របពេលដែលភាពតានតឹងកើនឡើងកាន់តែខ្លាំង ដោយសារតែមហិច្ឆតាអាវុធនុយក្លេអ៊ែររបស់ទីក្រុង ព្យុងយ៉ាង និងការគំរាមវាយប្រហាររបស់ អាមេរិក ទៅលើប្រទេស កូរ៉េខាងជើង ។
អាមេរិក និង កូរ៉េខាងត្បូង បានព្រមព្រៀងគ្នាទៅលើផែនការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល បំណងទប់ទល់ការគំរាមវាយប្រហារដោយមីស៊ីលពី កូរ៉េខាងជើង ប៉ុន្តែប្រទេស ចិន បានប្រឆាំងដោយអះអាងថា ប្រព័ន្ធអាវុធនោះ ធ្វើឲ្យគ្មានស្ថិរភាពដល់តុល្យភាពសន្តិសុខក្នុងតំបន់ ។ ប្រព័ន្ធការពារមីស៊ីល ត្រូវបានរដ្ឋាភិបាលទីក្រុង សេអ៊ូល សម្រេចដាក់ពង្រាយក្នុងតំបន់ Seongju ភាគខាងត្បូងប្រទេស កូរ៉េខាងត្បូង ។
ប្រព័ន្ធការពារមីស៊ីល ចាប់ផ្ដើមបញ្ជូនទៅដល់ កូរ៉េខាងត្បូង កាលពីខែ មិនា ប៉ុន្តែ អាមេរិក និង កូរ៉េខាងត្បូង ស្ទាក់ស្ទើរនៅមិនទាន់ពិភាក្សាអំពីដំណើរការដំឡើងប្រព័ន្ធការពារមីស៊ីលទាំងនោះ ដោយសារបេក្ខភាពប្រធានាធិបតី កំពុងជជែកដេញដោលមុនពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កូរ៉េខាងត្បូង នៅថ្ងៃទី ៩ ខែ ឧសភា ។
