ក្រុមហ៊ុនអាកាសចរ United Airlines បានសម្រេចការព្រមព្រៀងបង់សំណងទៅឲ្យអ្នកដំណើរម្នាក់ដែលត្រូវបានសន្តិសុខអាកាសចរណ៍ស៊ីវិល អូសចេញពីយន្តហោះកាលពីដើមខែ មេសា ដែលជាឧបទ្ទវហេតុធ្វើឲ្យខឹងសម្បារដល់មនុស្សទូទាំងពិភពលោក ។
រដ្ឋអាជ្ញារបស់ជនរងគ្រោះនិយាយថា ក្រុមហ៊ុនព្រមទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងទៅលើជើងហោះហើរលេខ ៣៤១១ ដោយមិនបន្ទោសទៅលើភាគីណាមួយឡើយ ។ សូមរំឭកថា អ្នកដំណើរអាយុ ៦៩ ឆ្នាំម្នាក់ ដែលជាគ្រូពេទ្យជនជាតិ វៀតណាម សញ្ជាតិ អាមេរិក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពីប៉ូលិសអាកាសចរ បានអូសរូបលោកចេញពីយន្តហោះ ដោយសារលោកមិនព្រមចុះតាមការស្នើ នៅពេលដែលយន្តហោះគ្មានកៅអីទំនេរសម្រាប់បុគ្គលិកយន្តហោះអង្គុយ ។
មូលហេតុខ្វះកៅអីដោយសារតែក្រុមហ៊ុនទទួលយកប្រាក់កក់កៅអីលើសចំនួនកៅអីសម្រាប់អ្នកដំណើរ ប៉ុន្តែក្រុមហ៊ុនសងប្រាក់ថ្លៃសំបុត្រយន្តហោះ និង ៦០០ ដុល្លារទៀតសម្រាប់អ្នកដំណើរឲ្យស្ម័គ្រចិត្តបោះបង់កៅអីរបស់ខ្លួន ។ ទោះជាមានអ្នកស្ម័គ្រចិត្ត២នាក់នៅតែខ្វះកៅអីសម្រាប់បុគ្គលិកយន្តហោះដែលនាំឲ្យមានហេតុការណ៍នោះកើតឡើង ។ ក្រុមហ៊ុនអាកាសចរ United Airlines បានប្រកាសវិធានថ្មីៗមួយចំនួនដើម្បីទប់ស្កាត់កុំឲ្យមានបញ្ហាកើតឡើងម្ដងទៀត ក្នុងនោះមានការកំណត់ថា អ្នកដំណើរដែលបានឡើងលើយន្តហោះ នឹងមិនត្រូវបានបង្ខំឲ្យលះបង់កៅអីរបស់ខ្លួនឡើយ ។
ទោះយ៉ាងណា ក្រុមហ៊ុននឹងផ្ដល់ជម្រើសដល់អ្នកដំណើរឲ្យលះបង់កៅអីរបស់ខ្លួន ដោយផ្ដល់ប្រាក់សំណងរហូតដល់មួយម៉ឺនដុល្លារ កើនឡើងពីសំណងកន្លងមក ១៣៥០ ដុល្លារ ។ ចាប់ពីពេលនេះតទៅ ក្រុមហ៊ុននឹងមិនអនុញ្ញាតឲ្យប៉ូលិសនាំយកអ្នកដំណើរចេញពីយន្តហោះឡើយ ហើយបុគ្គលិកយន្តហោះក៏មិនអនុញ្ញាតឲ្យយកកៅអីអ្នកដំណើរអង្គុយទៀតដែរ ។
