លោក រិច ធីល្លឺសុន (Rex Tillerson ) រដ្ឋមន្ត្រីការបរទេសអាមេរិក បានចោទប្រកាន់ថា ប្រទេសអុីរ៉ង់កំពុងបញ្ចេញអាកប្បកិរិយាបង្ករឿងដូចកូរ៉េខាងជើង ដោយប្រទេសមួយនេះបានធ្វើសកម្មភាពបង្កើតទំនាស់ថ្មីមួយទៀតតាមរយៈការគាំទ្រក្រុមភេរវកម្ម និងប្រព្រឹត្តអំពើហិង្សា បំផ្លាញស្ថិរភាពបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយដោយ RT។
លោក ធីល្លឺសុន បានលើកឡើងថា "អុីរ៉ង់ កំពុងធ្វើសកម្មភាពបង្ករឿង បែបអស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា និងថែមទាំងបំផ្លាញផលប្រយោជន៍អាមេរិក នៅក្នុងប្រទេស អុីរ៉ាក់ លីបង់ ស៊ីរី និងយ៉េមែនទៀតផង ពោលគឺទីក្រុងតេហេរ៉ង់ កំពុងធ្វើសកម្មផ្គើន ប្រឆាំងអាមេរិកដូចគ្នាទៅនឹងទីក្រុងព្យុងយ៉ាង កូរ៉េខាងជើង"។
គួរបញ្ជាក់ផងដែរថា ការចោទប្រកាន់របស់លោក ធីល្លឺសុននេះ ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បញ្ជាឱ្យត្រួតពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអុីរ៉ង់ កាលពីឆ្នាំ២០១៥។ មួយវិញទៀតអាមេរិក និងអុីស្រាអែលបានចាត់ទុក អុីរ៉ង់ ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ ក្រុមឧទ្ទាម ស៊ីអុីតហូទី និងក្រុមឧទ្ទាម ហេសប៊ូលឡា នៅតំបន់មជ្ឈិមបូព៌ា គឺជាបន្លាក្នុងកែវភ្នែក ដែលត្រូវកម្ចាត់ចោលទៀតផង៕
