រាជធានីភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការជម្លៀសពលរដ្ឋខ្មែរចេញពីប្រទេសកូរ៉េខាងត្បូងគឺជាការខូចខាតធ្ងន់ គឺវាធ្វើឲ្យបាត់បង់ការងាររបស់ពលករខ្មែរជាង៤ម៉ឺនកន្លែង ខណៈដែលសង្គ្រាមមិនទាន់កើតផង ហើយហេតុអ្វីចាំបាត់ភ័យ ព្រោះថាវារឿងច្រំដែលទេ។
ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សរុបចំនួន ១,៨៨៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បញ្ហានៅឧបទ្វីបកូរ៉េគឺជារឿងច្រំដែលទេ ពីព្រោះថា កាលពីឆ្នាំ២០១៤ រដ្ឋាភិបាលព្យុងយ៉ាងក៏ធ្លាប់ប្រាប់ឲ្យកម្ពុជាដកស្ថានទូតចេញពីកូរ៉េផងដែរ ហើយលើកនេះ សម្តេចក៏ជឿជាក់ថា នឹងមិនមានសង្គ្រាមកើតឡើងដែរ តែបើការញើញដាក់គ្នាទៅវិញទៅមកគឺអាចមាន។

ដូច្នេះសូមពលរដ្ឋខ្មែរទាំងអស់កុំរត់ចោលពលរដ្ឋកូរ៉េខាងត្បូងឲ្យសោះ ព្រោះសង្គ្រាមមិនទាន់កើតឡើងទេ ហើយពលរដ្ឋកូរ៉េរស់នៅយ៉ាងម៉េច សូមរស់នៅជាមួយពួកគេដូច្នោះទៅ វានឹងមានសុវត្ថិភាពជាងការជម្លៀសពលករខ្មែរពីចេញកូរ៉េ។ ម្យ៉ាងបើកម្ពុជាជម្លៀសពលករខ្មែរជាង៤ម៉ឺននាក់នោះ វានឹងធ្វើឲ្យបាត់ការងារដ៏ច្រើននេះ ហើយកូរ៉េក៏នឹងឈប់ទទួលពលរដ្ឋខ្មែរទៅធ្វើការនៅប្រទេសខ្លួនទៀតដែរ។
សម្ដេចបានបញ្ជាក់ទៀតថា ពលករខ្មែរទាំងអស់កូរ៉េខាងត្បូងនិងមាតាបិតាទាំងអស់ កុំព្រួយបារម្ភ រាជរដ្ឋាភិបាលកម្ពុជាតាមដានសភាពការណ៍ជានិច្ច តាមរយៈស្ថានទូតខ្មែរនិងតំណាងកម្ពុជានៅកូរ៉េ តាមប្រសិនជាមានករណីចាំបាច់ណាមួយ សម្ដេចនឹងទៅប្រទេសកូរ៉េដោយផ្ទាល់តែម្តង៕

