យុវតីម្នាក់បានសរសេរ Status បង្ហាញពីទឹកចិត្តរបស់ខ្លួន ចំពោះលោកពូសន្តិសុខយាមផ្ទះម្នាក់ និងចែករំលែកនៅខ្លឹមសារអប់រំមួយចំនួនដើម្បីដាស់តឿនដល់ពលរដ្ឋរបស់ខ្លួនឲ្យចេះមានចិត្តសន្ដោសប្រណីចំពោះអ្នកអត់ ឬជីវភាពតោកយ៉ាកជាងខ្លួន ក្នុងការផ្តល់កម្លាំងចិត្តដល់ពួកគេចេះយឹតយោងពូជសាសន៍ខ្លួន កុំចាំតែជាតិសាសន៍ដទៃមកជួយ ទើបអាចរស់បាន។
គេហទំព័រ Kqube.net សូមរក្សាសិទ្ធចុះផ្សាយសំណេរប្អូនស្រី ដែលមានឈ្មោះហ្វេសប៊ុកថា Nika ទាំងស្រុង ដើម្បីជាពុទ្ធិដល់មិត្តអ្នកអានបានយល់ដឹង និងជ្រាប់អត្ថន័យ នូវអ្វីដែលប្អូនស្រីបានលើកឡើង ក្នុងសំណេរនោះ។ ថ្វីត្បិតថា សំណេរនេះ ជាទស្សនៈយល់ឃើញមួយជ្រុងចំពោះប្អូនស្រី ប៉ុន្តែសំណេរនេះ ក៏អាចផ្តល់ជាការពិចារណាសម្រាប់មិត្តអ្នកអានទូទៅផងដែរ។ សំណេររបស់ប្អូនស្រីនីកា មានអត្ថន័យដូចតទៅនេះ៖ កាលពីមុន ខ្ញុំអត់ចូលចិត្តពូសន្តិសុខចាំផ្ទះដែលខ្ញុំជួលនៅទេ។ គេហៅគាត់ពូស្វិតព្រោះតែរាងតៃរវ៉ៃ ខ្យល់បក់ប៊ើងតាមខ្យល់របស់គាត់ហ្នឹងឯង។
ខ្ញុំទើបរើចូលនៅផ្ទះនេះបានប្រហែលមួយខែតែប៉ុណ្ណោះ តែភាគច្រើនដែលចំណាំមើល តែងតែឃើញគាត់លួចគេងជាប្រចាំ ក្នុងចិត្តគិតថាគាត់ខ្ជិល ធ្វើការខ្ជីខ្ជាណាស់ បានជាពេលយាមគាត់គេងអញ្ចឹង គិតថាបើគេផ្លោះរបងចូលយកអីវ៉ាន់បែបគាត់មិនដឹងទេមើលទៅ។ តែក៏មិនដែលនឹកឃើញទូលពិតម្ចាស់ផ្ទះអីដែរ ព្រោះនឹកឃើញបែបគេអាងមានកាមេរ៉ាហើយមើលទៅ។
ថ្ងៃមួយចេញពីមើលកុន ជិះម៉ូតូហាលភ្លៀងទាំងយប់មកផ្ទះ រងាឡើងញាក់ មកដល់ឃើញគាត់អង្គុយអោបដៃអោយក្រវៀន ម្ចាស់ផ្ទះគេអោយកៅអីឈើគាត់ពីរ គាត់ដាក់ក្បែរគ្នានៅកន្លែងគាត់អង្គុយជាប្រចាំ ហើយគាត់ទាញផើងផ្កាតូចមួយមកបាំងខ្យល់ ឯសំយ៉ាបនោះក៏ខ្លី ភ្លៀងក៏សាច អាណិតគាត់ពេក ក៏យកកន្សែងនិងអាវភ្លៀងអោយគាត់ ប្រាប់គាត់ថាទុកដណ្តប់ក្រែងពូរងា ចាំស្អែកដាក់លើម៉ូតូសងខ្ញុំទៅ។ បានតែប៉ុណ្នឹងគាត់សប្បាយចិត្តណាស់ តាំងពីថ្ងៃហ្នុងមក ម៉ូតូខ្ញុំមិនដែលត្រូវថ្ងៃទេ គាត់សារ៉េអោយចូលម្លប់រហូត ថ្ងៃខ្លះវិញបើគាត់បាញ់លាងមុខផ្ទះគាត់អូសម៉ូតូទៅលាងអោយឡើងស្អាតទៀត។
កាលពី១អាទិត្យមុនគេចូលឆ្នាំខ្មែរ ម្នាក់ៗនាំគ្នាសប្បាយបានឈប់បានដើរលេង តែខ្ញុំនៅតែឃើញគាត់យាមនៅផ្ទះ ខ្ញុំក៏សួរគាត់ថាពូអត់ឈប់ទៅលេងស្រុកទេអី? គាត់ថាគេអត់អោយឈប់ទេ គេថា ដាក់ច្បាប់ថ្ងៃផ្សេងបាន តែខ្ញុំបែបអត់សុំគេឈប់ទេ កុំអោយគេកាត់លុយ។ លឺសូរចឹងនឹកដល់ខ្លួនឯង អត់ទៅលេងផ្ទះដែរ តែមិនមែនដោយសារមូលហេតុដូចគាត់ ដោយសារតែខ្ជិលធ្វើដំណើរពេលមនុស្សច្រើនកកកុញ ឯគាត់វិញដោយសារគេមិនអោយឈប់ហើយដោយសារលុយ អត់ស្គាល់បុណ្យទាន ស្គាល់ស្រុក ស្គាល់ផ្ទះជួបជុំគ្រួសារនឹងគេ គិតយូរៗទៅថ្លឹងថ្លែងជីវិតហើយបានតែដកដង្ហើមធំ ចាក់ស្មុកអស់ម៉ាល្ងាច ដល់យប់ចេញទៅទិញអីញាំក៏ទិញមីស៊ុបជូនគាត់មួយថង់។ តាំងពីហ្នឹងមកអោយតែយប់ឡើងគាត់អូសម៉ូតូខ្ញុំចូលកន្លៀតជញ្ជាំង គាត់ថាខ្លាចអេតចាយបេះម៉ូតូ ឯព្រឹកថ្ងៃហ្នុងខំដើររកម៉ូតូចង់ងាប់ ពូអើយយកម៉ូតូខ្ញុំទៅលេងបិទពួន។
ថ្ងៃនេះខ្ញុំអត់សប្បាយចិត្តនៅកន្លែងធ្វើការ មួម៉ៅធុញថប់ គិតថា ធ្វើការស៊ីប្រាក់ខែគេ មិនមែនស្រួលទេ ចាំតែមើលទឹកមុខគេ ធ្វើខុសក៏មើលទឹកមុខគេ ត្រូវក៏នៅតែមើលទឹកមុខគេ គិតថា ពេលណាបានមិនចាំបាច់ធ្វើការអោយគេ គិតថា ពេលណាបានមិនបាច់ធ្វើការរកស៊ីអីក៏នៅតែមានលុយចូលស្រួលៗសោយសុខ ដល់ពេលហ្នឹងដេកនៅផ្ទះកម្ជិលអាំងផេះយ៉ាងស្រួលខ្លួនតែម្ដងចាំមើល។ ចាក់ស្មុកអស់ចិត្តពេលចេញពីធ្វើការ ក៏បបួលពួកម៉ាកទៅមើលកុនញាំអី ហើយរអ៊ូអោយពួកម៉ាកស្តាប់អស់ចិត្តក៏យាត្រាមកផ្ទះវិញ ពេលមកដល់ឃើញគាត់អង្គុយមុខស្ងួត ក៏សួរគាត់លេងៗ ពូហូបបាយឬនៅ? គាត់ឆ្លើយមកវិញទាំងញញឹមអៀនៗថា មីអូនអើយ ខ្ញុំយាមអោយគេពីរវេន គ្រាន់តែចេញពីនោះមករត់មកនេះ ដែលស្គាល់បាយអីពីកាល់ បានត្រឹមតែមីរាល់ថ្ងៃ។
លឺសូរគាត់និយាយអញ្ចឹងក៏ដើរចូលបន្ទប់ដាំបាយ ហើយកម្តៅម្ហូបក្នុងទូរទឹកកក ចៀនត្រី ហើយដួសជូនគាត់ហូប ពូអើយថ្ងៃនេះម៉ោង ១០យប់ហើយទើបពូបានបាយក្តៅ សម្លរក្តៅ ចុះថ្ងៃធម្មតាអត់ខ្ញុំ ពូឯងបានអីហូប? ចឹងបានស្គមយ៉ាងហ្នឹងពូ។ ពេលយកបាយជូនគាត់ គាត់អរកខិបកខុប អរគុណទទួលចានដៃ២ដៃ៣ ពេលគាត់យកចានសងវិញ គាត់ញញឹមអៀនហើយគាត់ថាអរគុណមីអូន អរគុណមែន អរគុណធំៗ។
សរុបសេចក្តីមក ដើម្បីកុំអោយគេថា គ្រាន់តែបាយម៉ាចានបូរបាច់វែងអន្លាយ៖
1. មនុស្សកើតមកមានសម្ពាយបុណ្យ មានវាសនា មានសំណាង មានឱកាសខុសៗគ្នា កុំមើលងាយអ្នកដែលអត់ជាង គាត់មិនមែនចង់កើតមកក្រ ល្ងង់ អាក្រក់អីចឹងដែរ បើរើសបានងាយងាយ អ្នកណាក៏រើសកើតមកជាកូនសេដ្ឋីដែរ។
2. កុំអោយតម្លៃទៅលើតែភាពហ៊ឺហាសម្ភារៈនិយម កុំរាប់អានតែអ្នកមាន កុំយកសង្សារ ព្រោះតែគេកូនអ្នកមានហ៊ឺហាជិះរ៉េងរូវើរ កុំងើយមើលតែខ្ពស់រាប់អានតែអ្នកមាន អ្នកដែលអត់ពេលខ្លះចិត្តគាត់ស្មោះសអត់មានពុតត្បុតដូចអ្នកមានខ្លះ ពីមុខល្អ ពីក្រោយរលួយដូចល្វាអញ្ចឹង។ បើរាប់អានគួររាប់អានមិត្តពិត ដែលនៅជាមួយគ្នាទាំងសប្បាយ ទាំងទុក្ខ ទាំងអាសន្ន។
3. កុំមើលងាយនៅអ្វីដែលខ្លួនមាន យើងមើលទៅលើឃើញគេល្អហើយមិនពេញចិត្ត មិនអោយតម្លៃនូវអ្វីដែលខ្លួនមាន តែពេលខ្លះក្នុងជីវិតគួរតែយើងឱនមើលក្រោមខ្លះ វានឹងអោយយើងយល់អត្ថន័យជីវិត។
4. ជីវិតអ្នកណាក៏មានការលំបាកដែរ លំបាករៀងៗខ្លួនទៅតាមកាលៈទេសៈនិងជីវភាពរស់នៅ ត្រូវចេះតស៊ូ ផ្តល់កម្លាំងចិត្តខ្លួនឯងដើរទៅមុខទៀត។
5. ចំណុចចុងក្រោយ តែសំខាន់ជាងគេ គឺត្រូវចេះផ្តល់ឱកាសអោយអ្នកដ៏ទៃ។ អ្នកដែលជា Business Owner, Company Owner, Employers in general ដែលមានលិទ្ធភាព គួរអោយប្រាក់ខែបុគ្គលិកអោយសមរម្យ (at least minimum living expense) គិតមើលទៅគាត់ធ្វើសន្តិសុខមួយខែបាន ១២០$ ឯយើងវិញចូលស៊ីអីនៅហាងម៉ាតិចក៏អស់បាត់ហើយប៉ុណ្ណឹង តែគាត់ 120$ ត្រូវគិតថ្លៃបន្ទប់ជួល បាយ ទឹក ម្ហូប លុយផ្ញើរទៅផ្ទះ ចុះបើឈឺជាអីគិតយ៉ាងមិច? កុំទម្លាប់អាងអីដេញចោលចាប់ជួលថ្មី ខ្មែរច្រើនណាស់ទៅធ្វើពលករស្រុកគេ ដោយសារតែនៅខ្មែរប្រាក់ខែតិច។ មានការងារច្រើនណាស់ដែលប្រាក់ខែនៅត្រឹម 60$ អ្នកលក់តាមម៉ាត អ្នករត់តុខ្លះបាន 80$ អ្នកធ្វើការតាមអូតែលខ្លះបាន 100$ ហើយបើគិតយូរៗទៅ បើយើងប្រាក់ខែប៉ុណ្ណឹងរស់ដែរអស់មើលទៅ?
យកល្អ គួរតែជួយបណ្ដុះបណ្ដាល ចំណេះដឹងបន្តែមអោយគាត់ ឈប់ទៅអារបៀបគិតថា បើចេះពេកនរណារត់ម៉ូតូឌុប បើចេះពេកនរណាធ្វើកម្មករ? គួរគិតបែបនេះវិញ បើពូម៉ូតូឌុបនិងពូតុកតុកទាំងឡាយមានចំណេះដឹង ប្រហែលមិនមានតុកតុកជិះរញ៉េរញ៉ៃបុកគារឡានថ្លៃៗរបស់អ្នកទេ។
ជឿខ្ញុំទៅ បើបុគ្គលិករបស់អ្នក គាត់រីកចម្រើន មុខរបររកស៊ីរបស់អ្នកក៏រីកចម្រើនដែរ។ បើអ្នកស្រលាញ់ថែរក្សាបុគ្គលិករបស់អ្នក គាត់ក៏ស្រលាញ់ថែរក្សា មុខរបររកស៊ី នឹងភ្ញៀវរបស់អ្នកដែរ។ បើអ្នកជួយគាត់អោយមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរស់នៅ គាត់នឹងធ្វើការអោយអ្នកល្អជាងមុន ដោយសារគាត់មិនចាំបាច់ត្រូវធ្វើការ២ ៣ ដើម្បីផ្គត់ផ្គង់ ហើយគាត់ក៏មានពេលវេលាសម្រាកគ្រប់គ្រាន់ សុខភាពផ្លូវកាយ ផ្លូវចិត្ត មានកម្លាំងមាំមួនអាចធ្វើការអោយអ្នកបានល្អជាងមុនដែរ។ ពេលនោះនឹងគ្មានពូសន្តិសុខគេងពេលយាមយប់ដូចពូស្វិតយាមផ្ទះខ្ញុំទេ។
ខ្មែរយើងត្រូវចេះជួយគ្នាទៅ កុំចង់មានបានអីលោភលន់តែឯងពេក ស្លាប់ទៅមិនយកលុយទៅតាមទេ ពេលមកក៏ទទេ ពេលទៅវិញក៏ទទេ ទុកលុយគុយទាវម៉ាព្រឹករបស់អ្នក ជួយបណ្តុះបណ្តាលមនុស្ស ជួយផ្តល់ឱកាស ជួយអភិវឌ្ឍន៍សង្គម ចាប់ផ្តើមពីយើងរៀងៗខ្លួន។ បើខ្មែរមិនអោយតម្លៃ មិនអោយឱកាសខ្មែរគ្នាយើង សួរថាមានអ្នកណាមកជួយយើង?
សរុបសេចក្ដីមក នេះជាការគិតក្មេងខ្ចីចាក់ស្មុករបស់ខ្ញុំ បើខុសត្រូវអីកុំប្រកាន់!
