
នាវាផ្ទុកយន្តហោះម៉ាក USS Gerald R. Ford ស៊េរីថ្មីរបស់អាមេរិកត្រូវបានគេស្គាល់ថា ជានាវាមួយដែលមានតម្លៃថ្លៃជាងគេបំផុតជិត ១៣ពាន់លានដុល្លារ ដែលប្រទេសមហាអំណាចមួយនេះប្រុងនឹងបើកដំណើរការនៅក្បែរឆ្នេរសមុទ្រ Virginia នាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ dailymail។
បើតាមប្រភពមកពីរោងចក្រផលិតនាវា Huntington Ingalls Industries-Newport News Shipbuilding បានឲ្យដឹងថា នាវាធុនថ្មីនេះមានសមត្ថភាពខ្ពស់ជាងនាវាមុនៗទ្វេដង ដោយបានចំណាយថវិកាជាតិចំនួន ១២.៩ពាន់លានដុល្លារ ក្នុងការសាងសង់។ យ៉ាងណាមិញក្រសួងការពារជាតិអាមេរិកពុំទាន់បញ្ជាក់ឲ្យដឹងច្បាស់លើការសាងសង់នាវាជំនាន់ថ្មីនេះនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា នាវាម៉ាក USS Gerald R. Ford ធ្លាប់បានគេពន្យារពេលក្នុងការផលិតអស់រយះពេលជិត១ឆ្នាំមកហើយ មកដល់ពេលនេះត្រូវបានចាប់ផ្ដើមផលិតឡើងបន្ទាប់ពីលោក Donald Trump ចូលកាន់តំណែងជាប្រធានាធិបតី អាមេរិក និងចំពេលដែលស្ថានភាពនៅសមុទ្រចិនខាងត្បូងតានតឹងខ្លាំង៕


