តូក្យូ៖ រដ្ឋាភិបាលប្រទេសជប៉ុន កំពុងធ្វើការពិចារណាលើការដាក់ពង្រាយទ័ពលើកដំបូងរបស់ខ្លួន ដើម្បីការពារ និងឆ្លើយតបមីស៊ីលកូរ៉េខាងជើង ខណៈដែលទឹកដីជប៉ុនត្រូវបានគេចាត់ទុកថា ជាទិសដៅមួយដែលទទួលរងឥទ្ធិពលពីសំណាក់ទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចុះផ្សាយនារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧។
លោកស្រី Tomomi Inada រដ្ឋមន្ត្រីការពារជាតិជប៉ុនបានឲ្យដឹងថា រាល់សកម្មភាពដ៏ផ្គើនរបស់កូរ៉េខាងជើង បានធ្វើឲ្យជប៉ុនមានការអត់ធ្មត់យ៉ាងខ្លាំង រហូតដល់ពេលនេះបានបង្ខំឲ្យកម្លាំងទ័ពការពារខ្លួន (Self-Defense Forces) ធ្វើការឆ្លើយតបវិញ ដោយប្រយុទ្ធប្រឆាំងនឹងមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង ក៏ដូចជាការដាក់ពង្រាយទ័ពការពារសន្តិសុខ នៅតាមតំបន់សេដ្ឋកិច្ចសំខាន់ៗ ក្បែរសមុទ្រជប៉ុនផងដែរ។
គួរបញ្ជាក់ផងដែរថា ទីក្រុងតូក្យូ បានលើកយកច្បាប់អន្តរជាតិមួយ ដែលបានអនុម័តឡើង កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៦ ស្ដីអំពី មីស៊ីលបរទេសទាំងឡាយ ដែលធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន គឺជាការគំរាមកំហែងទឹកដីយ៉ាងពិតប្រាកដ។ ផ្អែកលើច្បាប់នេះ យោធាជប៉ុនក៏អាចធ្វើការវាយបកវិញផងដែរ ក្នុងកិច្ចការពារខ្លួន៕



