សិល្បៈ ៖ រឿងហេតុប្អូនស្រីរបស់តារាសម្ដែងស្រី លី មុនីនាថ រងគ្រោះបាត់បង់ជីវិតដោយសារចរន្តអគ្គិសនីឆក់នៅ Pub Street បានធ្វើឲ្យកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ហើយក៏មានមហាជនជាច្រើនចង់ដឹង មូលហេតុច្បាស់ក្នុងពេលកើតហេតុផងដែរ។ ពេលនេះ លី មុនីនាថ បានចេញសារបញ្ជាក់ប្រាប់ពីរឿងហេតុដែលកើតឡើងភ្លាមៗ ហើយនាងក៏ជាជនរងគ្រោះត្រូវចរន្តអគ្គិសនីឆក់ពេលដែលព្យាយាមជួយប្អូនស្រីផងដែរ។
នេះគឺជាសំណេរដើមរបស់នាងផ្ទាល់ "នាងខ្ញុំឈ្មោះលី មុនីនាថ សុំជំនួសមុខគ្រួសារនាងខ្ញុំទាំងមូលនៃរឿងរ៉ាវពាក់ព័ន្ធ នៃការមរណភាពប្អូនស្រីនាងខ្ញុំឈ្មោះ លី មុនីរដ្ធានី ដែលមានព័ត៌មានខ្លះមានការភ័ន្តច្រឡំការស្លាប់ដោយសារ តែគិតថាប្អូនស្រីនាងខ្ញុំបានទៅរត់ប្រឡែងប៉ាតម្សៅគ្នាជាមួយក្មេងស្ទាវៗ និងបានទៅរត់ជាន់ខ្សែភ្លើង ដោយក្នុងវ័យអាយុ18 ឆ្នាំទើបធ្វើឲ្យ ប្អូននាងខ្ញុំបាត់បង់ជីវិត" ។
សារនេះបន្តថា "នាងខ្ញុំសុំចេញសារមួយបកស្រាយ ចំពោះការមរណភាពរបស់ប្អូនស្រីនាងខ្ញុំឈ្មោះ លី មុនីរដ្ធានី ទៅដល់បងប្អូនទាំងនៅក្នុងបណ្ដាញសង្គម FB ឲ្យបានដឹង និងជ្រាបច្បាស់ នៅយប់ថ្ងៃទី16 ខែ មេសា ឆ្នាំ 2017 ជាយប់ថ្ងៃចូលឆ្នាំបង្ហើយខ្ញុំ និងប្អូនស្រីនាងខ្ញុំរួមទាំងមិត្តភ័ក្ដិខ្ញុំចំនួន7នាក់ទៀត បានទៅលេងកម្សាន្ត នៅតំបន់ Pub Street ហើយ ពួកខ្ញុំបានឈរលេងបាញ់ទឹកជាមួយគ្នានៅមុខហាងមួយកន្លែងមានឈ្មោះថា អង្គរហើប & ផ្ទះម៉ាស្សា Baray Spa ពួកខ្ញុំលេងរហូតដល់វេលាម៉ោង 11:40 នាទីយប់ដោយសារតែលេងហត់ហើយឃ្លានផងក៏បានហៅដំឡូងបំពងមួយចានមកញ៉ាំ ជាមួយគ្នា និងត្រៀមរៀបចំទៅផ្ទះទៅហើយ"។
សំណេរ លី មុនីរដ្ធានី ទៀតថា "ប៉ុន្តែដោយចៃដន្យប្អូននាងខ្ញុំបានទៅច្រត់ដៃទៅលើបង្គោលដែកតូចមួយ ដែលនៅចន្លោះកណ្ដាលនៃហាងទាំងពីរនោះ (អង្គរហើប & ផ្ទះម៉ាស្សា Baray Spa ) តែភ្លាមៗនោះខ្ញុំបានឃើញប្អូនស្រីខ្ញុំឆក់ រួចខ្ញុំក៏ស្ទុះទៅជួយក៏ឆក់រួមទាំងខ្ញុំផងដែរ ហើយពេលនោះមានមិត្តភ័ក្ដិប្រុសម្នាក់មកជួយទាញសង្គ្រោះខ្ញុំ និងប្អូនស្រីខ្ញុំរួចគេក៏ចាប់បី ប្អូនខ្ញុំសង្គ្រោះបឋមហើយក៏ឃើញមិនស្រួលមិត្តភ័ក្ដិខ្ញុំទាំងអស់បានជួយ និងចាប់បីប្អូនខ្ញុំរត់យកទៅពេទ្យបង្អែកខេត្តសៀមរាប ខ្ញុំនិងមិត្តខ្ញុំខ្លះបានស្រែកទៅជួយវែកសុំផ្លូវ ដើម្បីយកប្អូនទៅពេទ្យសង្គ្រោះបន្ទាន់នៅពេទ្យបង្អែកខេត្តសៀមរាបហើយ ខ្ញុំក៏ទូរស័ព្ទទៅបងស្រីបង្កើត ដែលមកលេងនៅសៀមរាបជាមួយមិត្តគាត់ដែរ ប៉ុន្តែដោយអកុសលប្អូនខ្ញុំបានផុតទៅហើយ"។
សារដដែលនេះបន្តថា "ដោយសារតែបងស្រីបង្កើតខ្ញុំមិនអស់ចិត្ត ក៏បានបញ្ជូនទៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរបន្តទៀត ប៉ុន្តែនៅតែមិនអាចជួយប្អូនបាន ជាអកុសលខ្លាំងមែនទែននៅក្នុងឆាកជីវិតនាងខ្ញុំ ដោយនាងខ្ញុំនេះជាបងស្រីមិនអាចជួយប្អូនសោះ ប្អូនខ្ញុំទើបតែមានអាយុ13 ឆ្នាំ និងឈាន ចូល 14 ឆ្នាំទៅហើយមិនគួរណាប្អូនកើតរឿងបែបនេះសោះ ជាចុងក្រោយនាងខ្ញុំ លី មុនីនាថ និងគ្រួសារខ្ញុំទាំងមូលសុំសំណូមពរ ដល់សមត្ថកិច្ចជួយរកយុត្តិធម៌ឲ្យប្អូនស្រីនាងខ្ញុំផង និង សំណូមពរដល់សារព័ត៌មានទាំងអស់ ឈប់ចេញផ្សាយព័ត៌មានមិនពិតទៀត ហើយនៅពេលនេះ ក្រុមគ្រួសារខ្ញុំទាំងមូលកំពុងតែមានទុក្ខធំជាទម្ងន់សុំមេត្តាពុកម៉ែបងប្អូនព្រម ទាំងមិត្តភ័ក្ដិទាំងអស់ សុំចូលរួមរំលែកទុក្ខដល់ប្អូនស្រីខ្ញុំផង ។ ឥឡូវនេះសពកំពុងតែតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិមុខខេត្ត សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ"។


