រាជធានីភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះសង្ក្រាន្តវត្តភ្នំ ដែលរដ្ឋបាលរាជធានីបានរៀបចំឡើងជាលើកទី១នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ បានទទួលអ្នកមកលេងកម្សាន្តរយៈពេល៣ថ្ងៃ មិនចាញ់កំពង់សោមប៉ុន្មានទេឆ្នាំនេះ បើទោះបីជាពលរដ្ឋរាជធានីភ្នំពេញភាគច្រើនបានចាកចេញទៅស្រុកស្ទើរស្ងាត់ជ្រងំក៏ដោយ។
សម្រាប់សង្ក្រាន្តវត្តភ្នំលើកទីមួយនេះ មានភ្ញៀវទេសចរមកកម្សាន្តជិត ១០ម៉ឺននាក់ ខណៈខេត្តព្រះសីហនុមានភ្ញៀវជាង១៤ម៉ឺននាក់ (១៤៣.៥៩៧) នាក់ គឺមានការកើនឡើង១០.៤ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០១៦។ ក្នុងចំណោមភ្ញៀវទេសចរណ៍មកកម្សាន្តខេត្តព្រះសីហនុទាំងនោះ គឺភ្ញៀវជាតិមាន ១៣៨.០៥១នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៥.៥៤៦នាក់។
ភ្ញៀវទេសចរទាំងនេះភាគច្រើនមកកម្សាន្តតាមរមណីយដ្ឋាននិងតាមកោះនានា ពិសេសកោះរ៉ុង និងកោះរ៉ុងសន្លឹមមានចំនួន១៣៦ជើង មានភ្ញៀវសរុបចំនួន៨.៤៥៥នាក់ ស្រី ៤.៤២៤នាក់ ភ្ញៀវជាតិចំនួន ៤.៣៤៨នាក់ ស្រី២.២៨៧នាក់ និងភ្ញៀវអន្តរជាតិ៤.១០៧នាក់ ស្រី ២.១៣៧នាក់។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នភ្ញៀវទេសចរដែលទៅកម្សាន្តខេត្តព្រះសីហនុ បានចាប់អារម្មណ៍ ទៅកម្សាន្តតាមបណ្តាកោះមួយនៃកោះទាំង៣២របស់ខេត្តព្រះសីហនុ ហើយកោះទាំងនោះក៏ត្រូវបានរៀបចំកែលម្អឲ្យក្លាយជាតំបន់ទេសចរណ៍បែបធម្មជាតិជាបន្តបន្ទាប់ផងដែរ មានដូចជា កោះ កោះរ៉ុង កោះរុងសន្លឹម ភូមិសុខសាន្ត កោះឬស្សី កោះព្រីង កោះក្របី និងនៅមានកោះជាច្រើនផ្សេង ទៀត៕
