
ទសវត្សឆ្នាំ ១៩៦០ កងទ័ពអាកាស សហរដ្ឋអាមេរិក បានអភិវឌ្ឍខ្លាំងបំផុតផ្ដោតទៅយន្តហោះ ដែលមានសមត្ថភាពអាចហោះហើរក្នុងល្បឿនលឿនជាងសំឡេងរហូតដល់ទៅ ៣ ដង ។ នៅទីបំផុតយន្តហោះឈ្លបយកការណ៍ដែលសម្រេចបានតាមបំណងគឺបក្សីខ្មៅ SR-71 Blackbird ។
ល្បឿនដ៏អស្ចារ្យរបស់បក្សីខ្មៅ អនុញ្ញាតឲ្យយន្តហោះអាចប្រមូលព័ត៌មានសម្ងាត់ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះរាល់ពេលហោះហើរឆ្លងកាត់ទីតាំងសត្រូវកម្ពស់ ២៤ គីឡូម៉ែត្រពីដី ។ ប្រសិនបើសត្រូវបាញ់មីស៊ីល បក្សីខ្មៅ មិនបាច់ប្រើប្រាស់អាវុធដើម្បីទប់ទល់ឡើយ គឺគ្រាន់តែបង្កើនល្បឿនដល់កម្រិតមួយខ្ពស់បំផុតជាការស្រេច ។

កងទ័ពអាកាស អាមេរិក ចាប់ផ្ដើមប្រើប្រាស់បក្សីខ្មៅក្នុងឆ្នាំ ១៩៦៤ ប៉ុន្តែយន្តហោះដំបូងមិនទាន់មានការអភិវឌ្ឍជឿនលឿនខ្លាំងនៅឡើយ ។ រហូតដល់ឆ្នាំ ១៩៩៨ បក្សីខ្មៅ ក្លាយជាយន្តហោះឈ្លបយកការណ៍ទំនើបបំផុតមួយរបស់កងទ័ពអាកាស អាមេរិក ហើយចំនួននៃយន្តហោះនេះឡើងដល់ ៣២ គ្រឿង ក្នុងនោះ ១២ គ្រឿងខូចប្រើប្រាស់លែងកើត បច្ចុប្បន្ននៅសល់តែ ២០ គ្រឿងប៉ុណ្ណោះ ប៉ុន្តែគ្មានបក្សីខ្មៅណាមួយត្រូវបានបំផ្លាញដោយសារស្នាដៃសត្រូវឡើយ ។
អំឡុងសង្គ្រាមវៀតណាម បក្សីខ្មៅ ធ្លាប់ត្រូវបានសត្រូវព្យាយាមបំផ្លាញ ក្នុងបេសកកម្មឈ្លបយកការណ៍ប៉ុន្តែមិនជោគជ័យ ។ ឆ្នាំ ១៩៨១ កូរ៉េខាងជើង ប្រើប្រាស់មីស៊ីលរបស់ រុស្សី បាញ់សំដៅទៅរកបក្សីខ្មៅ ប៉ុន្តែដោយសារជំនាញរបស់អ្នកបើកបរ និងភាពអស្ចារ្យរបស់បក្សីខ្មៅធ្វើឲ្យយន្តហោះនេះរួចផុតពីប្រវត្តិនៃការបំផ្លាញដោយសារការវាយប្រហារ ។

ភីឡុត Maury Rosenberg ត្រូវបានកងទ័ពស្នើឲ្យចូលដែនអាកាស កូរ៉េខាងជើង ជាច្រើនលើកដើម្បីឈ្លបយកការណ៍ ។ នៅពេលបក្សីខ្មៅឆ្លងកាត់តំបន់ព្រំដែនកូរ៉េលើកទី ៣ បានឃើញមីស៊ីលមួយហោះហើរសំដៅរកយន្តហោះ ។ លោក Rosenberg បានបង្កើនល្បឿនយន្តហោះ និងបង្កើនរយៈកម្ពស់ ហើយហោះហើរងាកទៅទិសខាងត្បូង ពេលនោះមិស៊ីលបានផ្ទុះនៅចម្ងាយប្រហែល២គីឡូម៉ែត្រពីយន្តហោះ ។
ប្រភពៈ warhistoryonline