Sponsor
Pisey

ខេត្តរតនគិរីៈ អ្នកសារព័ត៌មានចំនួន៦នាក់ ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ លំជ័រ ស្រុកអូរយ៉ាដាវ ឃាត់ខ្លួនហៅយកទៅប៉ុស្តិ៍ បន្ទាប់ពីក្រុមអ្នកសារព័ត៌មានទាំងនោះ តាមថតយករូបភាពរថយន្តដឹកឈើមួយគ្រឿង ដឹកចូលផ្ទះ មន្ត្រីកងរាជអាវុធហត្ថម្នាក់ នៅពេលយប់។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២.៤៩នាទី រំលងអាធ្រាត ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ តាមបណ្ដោយថ្នល់ជាតិលេខ៧៨ ស្ថិតក្នុងឃុំលំជ័រ ក្រោយពេលដែលក្រុមអ្នកសារព័ត៌មានទាំងនោះ បានតាមផ្ដិតយករូបភាព រថយន្តមួយគ្រឿង ដឹកឈើចូលផ្ទះមន្ត្រី PM ម្នាក់ ត្រូវគេស្គាល់ឈ្មោះ ផាត់ គឹមហួរ អតីតនាយស្នាក់ការ កងរាជអាវុធហត្ថ នៅក្របីជ្រុំ។ ហើយក្រុមអ្នកសារព័ត៌មានទាំងនោះ នៅលើផ្លូវថ្នល់ មុខផ្ទះ រងចាំមើលសកម្មភាព រថយន្តនោះជាបន្ត តែនគរបាលប៉ុស្តិ៍ មិនរវល់នឹងបទល្មើសទេ បែរជាទៅគំរាមហៅអ្នកសារព័ត៌មានទៅប៉ុស្តិ៍ទីវិញ។

អ្នកសារព័ត៌មាន៦រូបនោះ មាន ១.ឈ្មោះ សុខ គឹមសន ភ្នាក់ងារយកព័ត៌មាន ទូរទស្សន៍បាយ័ន ២.យឹម សារិទ្ធ កាសែត មាតុភូមិ .៣.ឈិន ម៉ៅ ទូរទស្សន៍ TV8 ៤.កាសែត សម្លេងខ្មែរស្នេហាជាតិ ៥.កាសែត អំណាចរាស្ត្រ និង កាសែតស្លឹករិទ្ធ ។

លោក សុខ គឹមសន ភ្នាក់ងារទូរទស្សន៍ បាយ័ន បានឲ្យដឹងថា នៅពេលក្រុមអ្នកសារព័ត៌មាន ទៅដល់ប៉ុស្តិ៍រដ្ឋបាលនគរបាល ឃុំលំជ័រ នោះ គឺត្រូវគេសួររក អត្តសញ្ញាណប័ណ្ណ សំគាល់អង្គភាព លិខិតប៉េសកម្មពីអភិបាលខេត្ត។

លោកបានបន្តថា បើទោះជាការ សាកសួររកលិខិតខ្លះមិនសមស្របយ៉ាងណាក៏ដោយ ក៏មន្ត្រីប៉ូលីសប៉ុស្តិ៍នោះ ថតអ្នកការសែតប្រៀបដូចជាជនជាប់ចោទដូច្នោះដែរ។ ហើយពួកគេ បានដាក់លក្ខខ័ណ្ណពីរ ឲ្យក្រុមអ្នកសារព័ត៌មានជ្រើសរើស គឺ១.ដេកក្នុងឡាន ដោយមន្ត្រីប៉ូលីសដកសោឡានទុក មិនឲ្យបើកបរទៅណា មួយទៀត គឺអ្នកសារព័ត៌មានទាំង៦រូប ត្រូវត្រឡប់ទៅក្រុងបានលុងវិញ ធ្វើយ៉ាងណា ចេញឲ្យផុតពីភូមិសាស្ត្រស្រុកអូរយ៉ាដាវជាដាច់ខាត។ បន្ទាប់មកមន្ត្រីប៉ុស្តិ៍នោះបញ្ជាដាច់ខាត ទៅលើអ្នកការសែតថា រាល់ពេលមកធ្វើសកម្មភាពយកព័ត៌មាននៅស្រុកអូរយ៉ាដាវត្រូវជូនដំណឹងជាមុន មកសមត្ថកិច្ច។

អ្នកកាសែតទាំង៦នាក់នោះ ត្រូវនគរបាលប៉ុស្តិ៍ ឃុំលំជ័រ បណ្ដេញចេញពីស្រុកអូរយ៉ាដាវ នៅវេលាម៉ោងប្រមាណជាង ២.រំលងអាធ្រាត យប់ថ្ងៃដដែលផងដែរ។ លោកអភិបាលស្រុក អូរយ៉ាដាវ ម៉ា វិចិត្រ បានឲ្យដឹងតាមទូរស័ព្វនៅព្រឹកថ្ងៃទី២៩ នេះថា ទង្វើរបស់សមត្ថកិច្ច លោកមិបានដឹងទេ ហើយលោកតែងតែប្រជុំ ហាមដាច់ខាតមិនឲ្យមានបទល្មើសព្រៃឈើទេ បើសិនជាមាន អ្នកណាធ្វើ អ្នកនោះ ជាអ្នកទទួល។

ចំណែកលោក ម៉ៅ សាន់ អធិការនគរបាលស្រុកអូរយ៉ាដាវ ឲ្យដឹង នៅព្រឹកថ្ងៃដដែលនេះដែរ ថាករណីខាងលើនេះលោកមិនបានដឹងទេ ប្រហែលជាមន្ត្រីប៉ុស្តិ៍ទាំងនោះ ធ្វើតាមបញ្ជាមេប៉ុស្តិ៍។

ជុំវិញសកម្មភាព ប៉ូលីសស្រុកអូរយ៉ាដាវ ដែលមានលោក ឃ្លៃ ម៉ែនហាស់សាន់ ជានាយប៉ុស្តិ៍រដ្ឋបាល ឃុំលំជ័រ ខាងលើនេះ ត្រូវបានគេសង្ស័យថា ជាសកម្មភាពឃុបឃិត បិតបាំង សកម្មភាពបទល្មើសព្រៃឈើក្នុងស្រុកអូរយ៉ាដាវ៕ដោយ ភួង ផុន le.29.04.2017

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor