នាវាផ្ទុកយន្តហោះ បារាំង មួយគ្រឿង ឈ្មោះ Mistral បានទៅដល់កំពង់ផែកោះ សាសេបូ (Sasebo) របស់ប្រទេស ជប៉ុន នៅថ្ងៃសៅរ៍នេះ ដើម្បីដឹកនាំសមយុទ្ធយោធាដែលមានកងទ័ព បារាំង អង់គ្លេស អាមេរិក និង ជប៉ុន បន្តរហូតដល់ថ្ងៃទី ៥ ខែ ឧសភា ។
នាវាផ្ទុកយន្តហោះ Mistral មានសមត្ថភាពអាចផ្ទុកឧទ្ធម្ភាគចក្រ ៣៥ គ្រឿង មាននាវាសណ្ដោង ៤ គ្រឿង ព្រមទាំងទាហានរាប់រយនាក់ ហើយអាចវាយប្រហារគោលដៅទាំងក្នុងទឹក និងលើគោក ។ សមយុទ្ធយោធារបស់កងទ័ពនៃប្រទេសទាំង ៤ ធ្វើឡើងស្របពេលដែលភាពតានតឹងនៅលើឧបទ្វីបកូរ៉េស្ថិតក្នុងតំណាក់កាលមួយអាក្រក់បំផុតមិនធ្លាប់មានតាំងពីការបញ្ចប់ទៅនៃសង្គ្រាមកូរ៉េឆ្នាំ ១៩៥៣ ដោយសារការសាកល្បងគ្រាប់បែកនុយក្លេអ៊ែររហូតដល់ ៥ លើក របស់ កូរ៉េខាងជើង និងការសាកល្បងមីស៊ីលទំនើបជាច្រើនលើកទៀត ។
ក្រៅពីបញ្ហាឧបទ្វីបកូរ៉េ មហាអំណាចបស្ចិមប្រទេសក៏មានបំណងពង្រឹងអំណាចយោធារបស់ខ្លួនផងដែរក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្រោយពីប្រទេស ចិន បង្កើនអំណាចយោធាយ៉ាងខ្លាំងក្នុងតំបន់សមុទ្រចិនខាងត្បូង តាមរយៈការសាងសង់កោះសិប្បនិម្មិត និងបង្កើតប៉មត្រួតពិនិត្យនៅលើប្រជុំកោះដែលមានទំនាស់ ។
