
បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រកាសថា សម្ដេចនឹងទៅរាំបទ " ឆ្កែរត់បុកប៉ោត" របស់តារាងចម្រៀង ពេជ្រ សោភា ជាមួយបទ "រាំអីចេះៗ ឬ រាំអញ្ចេក អញ្ចេក!នៅអង្គរសង្ក្រាន្ត កាលពីព្រឹកមិញមក អ្នកនាង ពេជ្រ សោភា បានប្រកាសបញ្ចេញអារម្មណ៍ពិតរបស់ខ្លួនតបភ្លាមៗ ដែលរូបគេហាក់មិនដែលហ៊ានគិតថា សម្តេចនាយករដ្ឋមន្ត្រីនឹងចូលចិត្ត និងរាំបទថ្មី វ៉ុលចូលឆ្នាំនេះទេ។
ពេជ្រ សោភា បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា រូបគេពិតសប្បាយចិត្តឥតឧបមា ដែលសម្តេចនាយករដ្ឋមន្ត្រី បានប្រកាសថានឹងទៅរាំងបទថ្មី"ឆ្កែរត់បុកប៉ោត" របស់ខ្លួននៅអង្គរសង្ក្រាន្ត ហើយនេះពិតជាការឲ្យតម្លៃជាខ្លាំងពីសំណាក់សម្តេចតេជោដល់រូបគេ ដូច្នេះតារាចម្រៀងស្រីរូបនេះបានប្តេជ្ញាថា នឹងតស៊ូប្រឹងប្រែងបន្តទៀតក្នុងការផលិតថ្មីឲ្យបានល្អនិងពីរោះៗ ដើម្បីបម្រើអារម្មណ៍ប្រជាជនខ្មែរបានឲ្យកម្សាន្តសប្បាយរីករាយ។
នេះជាអារម្មណ៍ពិតរបស់ ពេជ្រ សោភា ដែលបានសរសេរ លើហ្វេសប៊ុកផ្លូវការរបស់ខ្លួន "ពិតជារំភើបចិត្តណាស់ នេះជាមហាកិត្តិយសមួយ កុំភ្លេចចូលរាំទាំងអស់គ្នាណា នាងខ្ញុំនឹងខំប្រឹងប្រែងបន្តទៀត ក៏សូមអរគុណដល់បង សិដ្ធ សំរាប់បទភ្លេងនេះ #ខ្មែរ"។
សូមបញ្ជាក់ថា ការប្រកាសបែបធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ“មហាវិថីសម្តេចតេជោហ៊ុនសែន” (បឹងទំពុន) ដែលមានប្រវែងសរុប ៩,១៦០ម៉ែត្រ មានទទឹងអ៊ុតកៅស៊ូ ៣០ម៉ែត្រ និងមានចិញ្ចើមផ្លូវ ១៥ម៉ែត្រ សងខាងសរុប ៦០ម៉ែត្រ។ មហាវិថីនេះ ឆ្លងកាត់បឹងជើងឯក និងបឹងទំពុន ភ្ជាប់ពីផ្លូវលេខ ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅភ្ជាប់ជាមួយផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាល។