ខេត្តរតនគិរី ៖ បុរសជាមន្ត្រីនគរបាលម្នាក់ ត្រូវគេលួចបាញ់នឹងកាំភ្លើង ខណៈបុរសរូបនោះកំពុងដេកលេងក្នុងអង្រឹងនៅមុខផ្ទះរបស់ខ្លួន បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧.៣០នាទី យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅភូមិប៉ក់ធំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បុរសដែលត្រូវគេលួចបាញ់នោះឈ្មោះ រម៉ាស់ ហ្វាង អាយុ៣៨ឆ្នាំ ជនជាតិ ចារាយ ជាមន្ត្រីនគរបាលវរៈការពារព្រំដែន លេខ៦២។
សមត្ថកិច្ចជំនាញសន្និដ្ឋានជំហានដំបូងថា ករណីប៉ុនប៉ងធ្វើឃាតនេះ បាញ់ដោយកាំភ្លើង AK ចំនួន១គ្រាប់ ជនសង្ស័យលួចបាញ់ចំងាយ ១៥ម៉ែត្រ។ ចំណុចដែលជនសង្ស័យលួចបាញ់ បន្សល់ទុកនូវសំបកកន្ទុះAKចំនួន១ បណ្ដាលឲ្យជនរង្រោះ ត្រូវចំកំភួនដៃខាងស្ដាំ ធ្លាយមកចំពោះ។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យ បានរត់គេចខ្លួនភ្លាមៗ ពីកន្លែងកើត។
ក្រោយពីកើតហេតុភ្លាមៗ ជនរង្គ្រោះត្រូវសាច់ញាតិយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ។ បច្ចុប្បន្នកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌស្នងការរដ្ឋាននគរបាលខេត្ត សហការណ៍ជាមួយកម្លាំងអធិការស្រុកអូរយ៉ាដាវ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំប៉ក់ញៃ និងកម្លាំងវរៈនគរបាលការពារព្រំដែន៦២៣ កំពុងចុះស្រាវជ្រាវ រកមុខសញ្ញាជនដៃដល់តាមនិតិវិធី។
ជុំវិញករណី លបលួចធ្វើឃាត ដោយបាញ់កាំភ្លើងខាងលើនេះ នៅមិនទាន់មានប្រភពណាមួយ បង្ហើបពីការលួចធ្វើឃាតនេះ ដោយសារបញ្ហាអ្វីនោះទេ ក៏ប៉ុន្តែមជ្ឈដ្ឋានទូទៅសន្និដ្ឋានថា ជារឿងគំនុំផ្ទាល់ខ្លួន៕ ដោយ ភួង ផុន






