
គ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ដែលនឹងជិតចូលមកដល់នៅថ្ងៃទីសុក្រ ៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ៣និង១២នាទីព្រឹកព្រលឹមទៀបភ្លឺខាងមុខនេះ បើតាមទំនៀមទម្លាប់ប្រពៃណីខ្មែរមានតាំងបុរាណមក គឺ ត្រូវរៀបរានទេវតានៅខាងមុខផ្ទះមួយសម្រាប់ដាក់តាំងគ្រឿងពលីការផ្សេងៗ។
ការរៀបចំនេះ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ៍៖ បាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមួយគូ ស្លាធម៌មួយគូ ទៀន៥ធូប៥ លាជ៥ផ្កា៥ ដាក់លើជើងពាន ១គូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពាន ១គូ ផ្លែឈើ១១គូ ដូងឡៅមួយគូ និងទឹកស្អាតពីរកែវ។
ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋធម្មតាមិនអាចចាំបាត់រៀបចំត្រឹមបាយសី៥ថ្នាក់ចុះមកក្រោមឬគ្រឿងសក្ការបូជា ទៀន៥ធូប៥ និងកូនចេកមួយគូរក៏ល្មមសមរម្យដែរ ព្រោះថាបាយសី៩ថ្នាក់និងបាយសី៧ថ្នាក់ ភាគច្រើនអនុវត្តតែនៅក្នុងព្រះបរមរាជវាំងប៉ុណ្ណោះ។ នេះបើយោងតាមសៀវភៅព្រះរាជពិធីទ្វារទសមាស។
សូមបញ្ជាក់ផងដែរថា ទេពធីតា គ្រប់គ្រងឆ្នាំរកានេះ ទ្រង់មានព្រះនាម កិមិរាទេវី ជាបុត្រីទី៦ កបិលមហាព្រហ្ម ទ្រង់លម្អផ្កា ចង្កុរណី (ប្រភេទផ្កាសឈូក, មានកេសរច្រើនស្រទាប់)នៅលើត្រចៀក អភរណៈ កែវបុស្សរាគ័ម (ត្បូងពណ៌លឿង) មានសត្វក្របី (មហឹង្សា) ជាយានជំនិះ ដៃស្តាំកាន់ព្រះខ័ន ដៃឆ្វេងកាន់ពិណ ហើយទ្រព្យសោយ ចេកណាំវ៉ា៕