
ខេត្តបន្ទាយមានជ័យ៖ នៅម៉ោង៣៖២៨នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ នៅពេលដែលក្រុមគ្រួសារមួយ កំពុងអុជធូបទទួលទេវតាឆ្នាំថ្មី ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ប្រដាប់ដោយកាំភ្លើងបាញ់រះ លើជនរងគ្រោះបណ្ដាលឲ្យសមាជិក នៃក្រុមគ្រួសារ៣នាក់បានស្លាប់ ខណៈម្នាក់ទៀតរងរបួស។
យោងតាមឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានសរសេរក្នុង Comment ឲ្យដឹងថា សមត្ថកិច្ចកំណត់អត្តសញ្ញាណជនល្មើសបានហើយ និងប្រកាសផ្ដល់ប្រាក់រង្វាន់ដល់សាធារណជន សម្រាប់ការរាយការណ៍ដល់សមត្ថកិច្ច ដើម្បីឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ តាមរយៈទូរស័ព្ទលេខ 012 2222 06 ។
គួរបញ្ជាក់ផងដែរថា ឃាតកម្មដ៏រន្ធត់ខាងលើ កើតឡើងនៅក្នុងនៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជនបង្កត្រូវបានគេស្គាល់ឈ្មោះថា រ៉េត រាត្រី ហៅ ឆិច អាយុ២៨ឆ្នាំ ជាមន្ត្រីយោធាអង្កភាពអភិវឌ្ឍន៍ភ្នំឆ័ត្រ យោធភូមិភាគទី៥។

ចំណែកជនរងគ្រោះ ដែលរងការបាញ់សម្លាប់រួមមាន
ទី១៖ ឈ្មោះ ជួប សាំងលីន ភេទ ប្រុស អាយុ៣០ឆ្នាំ
ទី២៖ ឈ្មោះ ម៉ែន សុវណ្ណរ៉ាឌី ភេទ ស្រី ៣២ឆ្នាំ
ទី៣៖ ឈ្មោះ សុខ ខាត់ណា ភេទ ស្រី អាយុ៥៥ឆ្នាំ ខណៈឈ្មោះ អឹម សំប៊ុន ប្រុស អាយុ ៣៤ឆ្នាំ រងរបួសធ្ងន់។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានធ្វើសកម្មភាពបាញ់សម្លាប់គ្រួសារខាងលើរួចហើយ ជនល្មើសបានបើកម៉ូតូ ស្លាកលេខ 1Q-5151 រត់គេចខ្លួនបាត់។


