
ខេត្តតាកែវ៖ ព្រះតេជគុណ ជួន កក្កដា ប្រកាសលក់រថយន្ត Lexus 330 ផ្ទាល់ខ្លួន ដើម្បីសងថ្លៃជួលជាង និងថ្លៃគ្រឿងសំណង់លើការសាងសង់សាលាបឋមសិក្សាវេឡុវ័ន ហៅ ត្រពាំងខ្នារ និងស្តូប ៧ កន្លែងដែលជាទីតាំងតម្កល់ព្រះពុទ្ធបដិមា លោកតា ក្រម ង៉ុយ សម្តច ជួន ណាត និងរូបសំណាក់៣ផ្សេងទៀត នៅក្នុងសាលា។

យោងតាមវីដេអូខ្លី ៩នាទី ដែលព្រះគុណម្ចាស់បានបង្ហោះនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះបានឲ្យដឹងថា សាលារៀនថ្មីមួយដែលមានពីរអគារ និងមាន៧ស្តូបដែលព្រះអង្គផ្ដួចផ្ដើមកសាង សម្រាប់បង្រៀនដល់កូនខ្មែរក្រីក្រ និងព្រះសាមណេរ ព្រះភិក្ខុ ដែលមកសិក្សារៀនសូត្រនៅឃុំ សំរោង ស្រុកសំរោងខេត្តតាកែវនោះ គឺនៅជំពាក់ថ្លៃជាង និងគ្រឿងសំណង់សរុបប្រមាណ៤ម៉ឺនដុល្លារ ដូច្នេះព្រះអង្គសូមប្រកាសលក់ Lexus 330ផ្ទាល់ខ្លួនជាបន្ទាន់ ដើម្បីយកលុយដោះស្រាយបញ្ហានេះបឋម។
វីដេអូដដែលព្រះគុណម្ចាស់បញ្ជាក់ថា សម្រាប់អគារសាលាបឋមសិក្សាពីរខ្នងនោះ បានសាងរួចហើយ ដោយចំណាយអស់ទឹកប្រាក់ ១១ម៉ឺន៥ដុល្លារ ប៉ុន្តែនៅជំពាក់តម្លៃឈ្នួលជាង៦០០០ដុល្លារ ថ្លៃគ្រឿងសំណង់ ៣៩០៤ដុល្លារ និងលុយខ្មែរ៤លានរៀន។ បន្ថែមសំណង់សាលាបឋមត្រពាំងខ្នារនេះ ក៏មានការសាងសង់ស្តូប៧ទៀតដែលស្តូបនីមួយៗនេះត្រូវចំណាយ(ទាំងជាង គ្រឿងសំណង់និងរូបសំណាក់)សរុប ៣៩៧៨ដុល្លារ នាំឲ្យ៧ស្តូបត្រូវចំណាយ២៧៨៤៧ដុល្លារ។
ធម្មកថិកដ៏ល្បីខាងលើបានបញ្ជាក់ពីមូលហេតុបន្ថែមដែរថា ព្រះអង្គពិបាកនឹងអំពាវសុំឲ្យពុទ្ធបរិស័ទនិងសប្បុរសជនឲ្យជួយទៀតណាស់នៅពេលនេះ ព្រោះថាក្នុងការកសាងសាលារៀននេះ គុណម្ចាស់បានធ្វើបុណ្យផ្កាប្រាក់ពីរដងរួចមកហើយ ដោយលើកទី១ បាន ៣៥លានរៀល និងលើកទី២ បានជាង ២៤លានរៀន ដូច្នេះដើម្បីដោះស្រាយបញ្ហាជាបន្ទាន់នេះ គឺព្រះអង្គនឹងលក់យានជំនិះ Lexus 330 ផ្ទាល់ខ្លួន ព្រោះជាងនិងម្ចាស់គ្រឿងសំណង់ក៏ត្រូវលុយផងដែរ ដើម្បីបង់រំលួសធនាគារ ដែលពួកគេបានខ្ចីយកមករកស៊ី។
យ៉ាងណាមិញព្រះតេជគុណ ជួន កក្កដា ដែលត្រូវពុទ្ធបរិស័ទបានទទួលថា ជាធម្មកថិកដ៏ល្បីក្នុងការសម្តែងព្រះធម៌ និមន្តទៅនៅទូទាំងប្រទេសកម្ពុជានោះ ព្រះអង្គក៏សូមអំពាវនាវដល់អ្នកប្រាជ្ញឬអ្នកចេះដឹងព្រះធម៌និងសាធារណជនទាំងអស់ មេតា្តកុំវិញគន់ព្រះអង្គថា ការធ្វើនេះដើម្បីយកមុខមាត់អី ព្រោះការធ្វើបែបនេះព្រះអង្គពិតជាធ្វើឡើងដោយស្មោះត្រង់និង ដើម្បីដោះស្រាយបញ្ហាជាក់ស្ដែងខាងលើ។
សូមបញ្ជាក់ផងដែរថា សម្រាប់សប្បុរសជនដែលមានបំណងចង់ចូលរួមបរិច្ចាគធនធានរបស់ខ្លួនតាមសទ្ធាជ្រះថ្លាដើម្បីជួយសម្រួលជាមួយព្រះអង្គ ក៏ដូចជាបង្ហាញឆន្ទះចូលរួមផ្តល់អនាគតជូនដល់កូនខ្មែរ ពិសេសកុមារកី្រក្រដែលនឹងមករៀននៅសាលាបឋមខាងលើនេះ ឬអ្នកមានចំណាប់អារម្មណ៍ចង់ទិញរថយន្តព្រះអង្គ សូមហៅមកលេខសទូរស័ព្ទផ្ទាល់បាន ០៣១ ៥៥៥៥ ៩៥៥៕