Sponsor
Pisey

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គ​មហា​សេនា​បតី តេជោ ហ៊ុន សែន មាន​ប្រ​សា​ស​ន៍​​ថា អង្គរ​សង្ក្រាន្ត​មិនមែន​ជា​របស់​អ្នកណា​ម្នាក់ តែ​គឺជា​របស់​ប្រជាពលរដ្ឋ កម្ពុជា ហើយ​សង្ឃឹម​ថា ឆ្នាំ​ជា​បន្ត​បន្ទាប់​ក្រៅ​ពី​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប នឹង​កើត​មាន​សង្ក្រាន្ត​នៅ​ច្រើន​កន្លែង​​​ទៀត​នៅ​ទូទាំង​ព្រះ​រាជា​ណាចក្រ​កម្ពុជា។

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ដូច្នេះ​ក្នុង​ខណៈ​ដែល​សម្ដេច​ និង​សម្ដេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី​៥ ឆ្នាំ​២០១៧ ដែល​មាន​ទីតាំង​ក្បែរ​ប្រាសាទ​បាយ័ន នា​ព្រឹក​ថ្ងៃ​ទី ១៤ ខែ​មេ​សា ឆ្នាំ​២០១៧ នៅ​ខេត្ត​សៀម​រាប​។

សម្ដេច​តេជោ​ថ្លែង​ថា សម្រាប់​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ ដែល​ប្រព្រឹត្ត​ទៅ​លើ​ទឹកដី​អង្គរ ដែល​ជា​ទឹកដី​នៃ​បេតិកភណ្ឌ ពិភពលោក ខ្ញុំ​រួម​ជាមួយ​យុវជន​ក៏​ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា សម្ដែង​នូវ​ការ​សោក​ស្ដាយ​អាឡោះអាល័យ ចំពោះ​សម្ដេច​វិបុល​បញ្ញា សុខ អាន ដែល​បាន​ចូលរួម​គាំទ្រ ហើយ​តំណាង​ឱ្យ​ខ្ញុំ​ពីរ​ឆ្នាំ​ដើម្បី​បើក​អង្គរ​សង្ក្រាន្ត ក៏​ប៉ុន្តែ​ឆ្នាំ​នេះ​មិន មាន​វត្ត មាន​របស់​គាត់​ទៀត​ទេ​។​ 

នេះ​ជា​ការ​បាត់បង់​មួយ​សម្រាប់​យើង តែ​ក៏​បន្សល់​ទុក នូវ​អ្វី​ដែល​ជា​កិច្ចការ​ដែល​ត្រូវ​ធ្វើជា​បន្ត សម្រាប់​កិច្ចការពារ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ។

សម្ដេច​ថ្លែង​ថា នៅ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​យើង​មាន​ឱកាស ដើម្បី​បង្ហាញ​ជូន​សម្រាប់​ជន​រួម​ជាតិ ក៏​ដូចជា​ប្រិយ    មិត្ត​បរទេស ទៅ​លើ​បញ្ហា​វប្ប​ធម៌​​ខ្មែរ​ទាំងឡាយ និង​គ្រប់​ទម្រង់​នៃ​សិល្បៈ​វប្បធម៌​ជាតិ​របស់​យើង ដែល​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា​កម្ពុជា​ ដែល​មាន​ប្រវត្តិ​វ័យ​ចំណាស់​រាប់​ពាន់​ឆ្នាំ​ និង​បង្ហាញ​ពី​ទីតាំង​ប្រវត្តិសាស្ត្រ​នៃ​ទឹក​ដី     បូរមបុរាណ​ដែល​ជា​វប្បធម៌​រូបី​និង​អរូបី ហើយ​ក៏​ក្លាយ​ទៅ​ជា​បេតិកភណ្ឌ​ពិភពលោក។​ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ យ៉ាង​ខ្លាំង​ការ​ដែល​បាន​បន្សល់​ទុក​នូវ​សម្បត្តិ​វប្បធម៌ សិល្បៈ​ពី​ដូនតា និង​ការ​ចេះ​ថែទាំ​ពី​សំណាក់​ថ្នាក់​កំពូល រហូត​ទៅ​ដល់​ប្រជាពលរដ្ឋ​របស់​យើង ហើយ​ក្រសួង​វប្ប​ធ​ម៌​ និង​វិចិត្រ​សិល្បៈ​ក៏​នៅ​តែ​បន្ត​ព្យាយាម​បញ្ចូល ទាំង​បេតិកភណ្ឌ​អរូបី និង​បេតិកភណ្ឌ​រូបីយ​ជា​បន្តបន្ទាប់​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នេះ​ជា​មោទនភាព របស់​ខ្មែរ​នេះ​ជា​ស្នាម​ញញឹម​របស់​ខ្មែរ ដែល​ខ្មែរ​ទាំង​អស់​គ្នា​ត្រូវ​ការពារ​ឱ្យ​បាន។ ជាមួយ​នេះ​ខ្ញុំ​ពិត​ជា​មាន​​មោទនភាព​ ជាមួយ​នឹង​ប្រជាជាតិ​យើង​ដែល​បាន​ជម្នះ​គ្រប់​ឧបសគ្គ ប្រឹងប្រែង​ងើបឈរ​ឡើង​​ពី​គំនរ​ផេះផង់ ពី​សង្គ្រាម​និង​ការ​បែក​បាក់ មក​កាន់​ដំណាក់​កាល​នៃ​សន្តិភាព យើង​បាន​និង​កំពុង​ក្រេប​ជញ្ជក់​នូវ​​សមិទ្ធផល ដែល​ចេញ​មក​អំពី​សន្តិភាព ដែល​យើង​បាន​ប្រឹងប្រែង​រក​ម​ក​​​ទាំង​លំបាក តាម​រយៈ​នៃ​នយោបាយ​ឈ្នះ ឈ្នះ​របស់​យើង។ ឆ្នាំ​១៩៩៨ ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ ដែល​ផ្ដល់​ឱ្យ​ក​ម្ពុ​ជា​ពី​ប្រទេស​ដែល​ធ្លាប់​មាន​តំបន់ ត្រួតត្រា​ច្រើន​មិន​តិច​ជាង​ពីរ​ក្នុង​ពេ​ល​តែមួយ ទៅជា​ប្រទេស​ដែល​មាន​ការ​ឯកភាព​ក្រោម​ដំបូល​រដ្ឋ​ធម្មនុញ្ញ​តែ​មួយ ព្រះមហាក្សត្រ​តែមួយ រាជរដ្ឋាភិបាល​តែមួយ និង​កម្លាំង​ប្រដាប់​អាវុធ​តែ​មួយ។

សម្ដេច​តេជោ​គូស​បញ្ជាក់​ថា កម្ពុជា​ក្នុង​ឋានៈ​ជា​រដ្ឋ​មួយ​ក្នុង​សមាជិក​អង្គការ​សហប្រជាជាតិ សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​ដ៏​ជ្រាលជ្រៅ​របស់​ខ្លួន ចំពោះ​សភាពការណ៍​នៅ​មជ្ឈិមបូព៌ា ជា​ពិសេស​សភាពការណ៍​នៅ​ប្រទេស​ ស៊ីរី និង​កូរ៉េ​ខាង​ជើង​ យើង​អំពាវនាវ​ឱ្យ​មាន​ការ​អត់ធ្មត់​ ហើយ​ព្យាយាម​ដោះស្រាយ​នូវ​ជម្លោះ​ទាំង​នោះ​តាម​ រយៈ​នៃ​ការ​ចរចា។

ទង្វើ​នៃ​ការ​បាញ់​ប្រហារ​តាម​រយៈ​អាវុធ​មីស៊ីល​ក្ដី ឬ​អាវុធ​គីមី​ក្ដី វា​ជា​សោកនាដកម្ម ហើយ​កម្ពុជា​ធ្លាប់​ជា​ជនរងគ្រោះ​នៃ​អំពើ​បែបនេះ គឺ​ពិតជា​បាន​យល់​ច្បាស់​ពី​ការ​លំបាក​របស់​ប្រជាជន​នៃ ប្រទេស​ដែល​កំពុង​តែ​មាន​សង្គ្រាម​ហែកហួរ។ ​ក៏​សង្ឃឹម​ថា​ប្រជា​ជ​ន​​កម្ពុជា រួម​ជាមួយ​ខ្ញុំ ព្រះ​ករុណា​ខ្ញុំ ដើម្បី ការពារ​សន្តិភាព​ឱ្យ​ខាង​តែ​បាន។

សម្ដេច​តេជោ ហ៊ុន សែន បាន​រីករាយ​ស្វាគមន៍​ចំពោះ​ភ្ញៀវ​ជាតិ​នឹង​អន្តរជាតិ មន្ត្រី​អង្គ​ទូត​នានា យុវជន​ទូទាំង ប្រទេស និង បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូល​រួម និង គាំ ទ្រ អង្គរ​សង្ក្រាន្ត និង​អរគុណ​ដល់ កងកម្លាំង អាជ្ញាធរ​ដែនដី​ដែល​បាន​ការពារ សុវត្ថិភាព​ក្នុង ព្រឹត្តិការណ៍​នេះ ជាពិសេស សម្តេច​តេជោ ហ៊ុន  សែន សូម​អរគុណ​ចំពោះ​យុវជន​ទូទាំង​ប្រទេស ស្ថាប័ន​ពាក់ព័ន្ធ សិល្បករ សិល្បការិនី ដែល​បាន​ចូលរួម ក្នុង​ព្រឹត្តិការណ៍​នេះ។

គួរ​បញ្ជាក់​ដែរ​ថា នៅ​ឆ្នាំ​២០១៧ នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​រៀបចំ​ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត ក្រោម​ប្រធាន​បទ «ការ​ចូលរួម​អបអរសាទរ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ»។ 

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នេះ​ត្រូវ​បាន​ធ្វើ​ឡើង គឺ​ដើម្បី​ចូលរួម​បំផុស​គំនិត​រួបរួម កម្លាំង​សាមគ្គីភាព​ជា​គ្រួសារ​ខ្មែរ​តែមួយ ក្នុង មោទនភាព​ជាតិ​ខ្មែរ​ជា​ធ្លុង​មួយ និង​បណ្តុះ​ស្មារតី​អភិរក្ស​អភិវឌ្ឍន៍​វប្បធម៌ បាវចនា​ជាតិ ព្រលឹង និង អត្តសញ្ញាណ​ជាតិ​ខ្មែរ ក្នុង​បរិបទ​នៃ​សមាហរណកម្ម​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ «រួម​គិត រួម​ធ្វើ រួម​ទទួល​ខុសត្រូវ» ក្នុង​សម័យ​កាល​សកលភាវូបនីយកម្ម ទំនើប​ជំនាន់​ថ្មី​នេះ៕

រូបភាពពី SPM Page
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor