
ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យភ្លាមៗខណៈដែលរំាធុងបាស់ប៉ះគ្នាជាមួយយុវជនម្នាក់ទៀតក្លាយជាហិង្សាទាញពូថៅកាប់ក្បាលដេរជាច្រើនថ្នេ។
ហេតុការណ៍កាប់គ្នាបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ នៅចំនុចភូមិត្រពាំងក្រឡូង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
នគរបាលបាននិយាយអោយដឹងថាជនបង្កដែលនគរបាលបានឃាត់ខ្លួនមានឈ្មោះ វណ្ណា គីមលី ភេទប្រុស អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិក្រាំងខ្នុល ឃុំដំណាក់រាំងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

នគរបាលបាននិយាយអោយដឹងថានៅមុនពេលកើតហេតុគឺនៅភូមិមានកម្មវិធីចូលឆ្នំាបានដាក់ធុងបាស់រំាលេងហើយ ក៏រំាប៉ះគ្នាក៏យុវជនបង្កបានទាញពូថៅដៃមានប្រវែង០,២៨ម៉ែត្រ កាប់ទៅលើជនរងគ្រោះឈ្មោះ ឆុន អេង ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិឃុំកើតហេតុ របួសស្នាមចំក្បាលគុំត្រចៀកខាងស្តាំរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ។

នគរបាលបន្តទៀតថា លុះដល់ម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នំា២០១៧ កម្លាំងសមត្ថកិច្ចឃាត់មុខសញ្ញា មកអធិការដ្ឋាននគរបាលស្រុក បំពេញនីតិវិធីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺរង់ចំាចាត់ការបន្ត៕ (សុវណ្ណវឌ្ឍនៈ)
