
មេដឹកនាំ កូរ៉េខាងជើង លោក គីម យុងអ៊ុន បានឲ្យដឹងថា ដើម្បីការពារការលួចវាយឆ្មក់ ដោយមីស៊ីលរបស់អាមេរិក ដូចប្រទេសស៊ីរី រូបលោកនឹងពង្រឹងសមត្ថភាពការពារខ្លួនបន្ថែមទៀត ក៏ដូចជាការប្ដេជ្ញាចិត្ត ប្រឆាំងនឹងការវាយប្រហារដែនអាកាសផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន BBC កាលពីយប់ថ្ងៃអាទិត្យ ទី០៩ ខែមេសា ឆ្នាំ២០១៧។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឲ្យដឹងថា ក្រោយអាមេរិកបាញ់មីស៊ីសជិត ៦០គ្រាប់ទៅកាន់មូលដ្ឋានទ័ពអាកាស ស៊ីរី Shayrat រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង បានលើកឡើងថា ការវាយប្រហារនេះ គឺជាទង្វើមួយដែលមិនអាចលើកលែងទោសឲ្យបាន។ មួយវិញទៀត លោក គីម យុងអ៊ុន បានអះអាងថា ដោយសារខ្លាចសកម្មភាពដ៏ផ្គើនរបស់ប្រទេសមហាអំណាចមួយនេះហើយ ទើបខ្លួនបន្តអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ គឺធ្វើឡើងក្នុងគោលដៅសុចរិត ដើម្បីគ្រាន់តែការពារប្រទេស ប្រឆាំងពីការវាយប្រហាររបស់រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន ដែលចង់បង្កើតសង្គ្រាមតែប៉ុណ្ណោះ។
គួរបញ្ជក់ផងដែរថា ការវាយប្រហារដោយមីស៊ីលទៅលើដែនអាកាស Shayrat នេះ ត្រូវបានទីក្រុងវ៉ាស៊ីនតោនអះអាងថា គឺជាការសងសឹកប្រឆាំងនឹងប្រធានាធិបតី ស៊ីរី លោក បាសា អាល់ អាហ្សាដ ដែលបានប្រើប្រាស់អាវុធគីមី វាយប្រហារនៅក្នុងសង្គ្រាមស៊ីវិល។ លើសពីនេះទៀត ប្រទេសដែលគាំទ្រទង្វើអាមេរិកនោះមានដូចជា ជប៉ុន អង់គ្លេស បារាំង អាល្លឺម៉ង់ តួកគី អូស្ត្រាលី អុីស្រាអែល អុីតាលី និងកាណាដា៕
=