
ប្រធានាធិបតី ហ្វីលីពីន បានបញ្ជាដល់ទាហានឲ្យចូលទៅកាន់កាប់បណ្ដាកោះនានា និងតំបន់ឆ្នេរទឹករាក់នៃប្រជុំកោះ ស្ព្រាតលី (Spratly) ក្នុងសមុទ្រចិនខាងត្បូង ព្រមទាំងបញ្ជាក់ថា លោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីនោះនៅពេលណាមួយ ។
បទបញ្ជារបស់លោក រ៉ូទ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បង្ហាញសញ្ញាថា ហ្វីលីពីន អាចត្រឡប់ទៅរកគោលនយោបាយប្រឈមមុខជាមួយ ចិន ឡើងវិញ ក្រោយពីមានការរិះគន់ចំពោះគោលនយោបាយស្និតនឹងទីក្រុង ប៉េកាំង ហួសហេតុ និងឆាប់រហ័ស ។ លោក ឌូតឺតេ ថែមទាំងបញ្ជាក់ថា ហ្វីលីពីន នឹងដោតទង់ជាតិនៅលើកោះមួយក្នុងសមុទ្រចិនខាងត្បូង ក្នុងថ្ងៃបុណ្យឯករាជ្យ ថ្ងៃទី ១២ ខែ មិថុនា ។
“បច្ចុប្បន្នដូចជាមាននរណាម្នាក់កំពុងច្បាមយកកោះក្នុងតំបន់នោះ ដូច្នេះយើងយកល្អចូលទៅរកកោះណាដែលគេមិនទាន់ច្បាមយក ឬយ៉ាងហោចយើងចូលទៅលើកោះដែលជារបស់យើង រួចហើយបង្ហាញនូវសញ្ញាជាកម្មសិទ្ធិ” លោកប្រធានាធិបតី និយាយដូច្នេះទៅកាន់អ្នកសារព័ត៌មាន ។
ប្រធានាធិបតី ហ្វីលីពីន ហាក់ដូចជាទទួលសម្ពាធពីឥស្សរជនក្នុងជួររដ្ឋាភិបាលដែលមានអនុប្រធានាធិបតី រហូតដល់មេបញ្ជាការកងទ័ព ជាអ្នកសម្ដែងការព្រួយបារម្ភចំពោះសកម្មភាពរបស់ប្រទេសចិនក្នុងសមុទ្រចិនខាងត្បូង ពិសេសការសាងសង់សំណង់ថ្មីៗ ព្រមទាំងបង្កើតកោះសិប្បនិម្មិតជាច្រើនក្នុងសមុទ្រចិនខាងត្បូង ។
ប្រភពៈ washingtonpost