រដ្ឋាភិបាលចិនបានជំរុញឲ្យទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ដកចេញនូវប្រព័ន្ធការពារមីស៊ីល THAAD របស់អាមេរិក និងព្រមានថា ការដំឡើងប្រព័ន្ធការពារនេះនឹងធ្វើឲ្យមានការប្រឈមមុខដាក់គ្នាជាក់ជាមិនខាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ កាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានលើកឡើងថា "យើងបានបង្ហាញពីក្ដីព្រួយបារម្ភយ៉ាងខ្លាំងទៅកាន់សម្ព័ន្ធមិត្ត កូរ៉េខាងត្បូង និងអាមេរិក លើការដាក់ពង្រាយប្រព័ន្ធខែល ការពារមីស៊ីលនៅកូរ៉េខាងត្បូង ដោយហេតុថាវត្តមានTHAAD នៅទីនោះនឹងបំផ្លាញស្ថិរភាពយុទ្ធសាស្ត្រ ក៏ដូចជាបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងៗ។ ចិនសូមព្រមានជាថ្មីឲ្យ សម្ពន្ធភាពទាំងពីរដកចេញនូវសម្ភារៈដំឡើងប្រព័ន្ធនេះ"។
គួរបញ្ជាក់ផងដែរថា ការព្រមានដកប្រព័ន្ធការពារមីស៊ីលខាងលើនេះ ធ្វើឡើងបន្ទាប់ពីសម្លឹងឃើញថា បរិក្ខារសម្រាប់ដំឡើងTHAAD បានចូលទៅដល់កន្លែងដាក់ពង្រាយនៅភាគអាគ្នេយ៍ ក្នុងតំបន់សឿងជូរ ភាគខាងជើងខេត្តហ្គឿងសាង និងថែមទាំងបានដំណើរការជាបណ្ដើរៗទៀតផង ដោយប្រព័ន្ធនេះដាក់ដើម្បីប្រយុទ្ធប្រឆាំងនឹងមីស៊ីលរបស់កូរ៉េខាងជើង៕
