អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមចំនួន ៣៩នាក់ ត្រូវបានចាប់ខ្លួន នៅតំបន់អឺរ៉ុប និងអាមេរិកខាងត្បូង បន្ទាប់ពីប៉ូលិសប្រទេសអេស្ប៉ាញបានស្រាវជ្រាវ រកឃើញករណីល្មើសច្បាប់មួយពាក់ព័ន្ធទៅនឹង ការចែកចាយរូបភាពអាសអាភាសរបស់កុមារ និងសេវាកម្មផ្លូវភេទតាមរយៈប្រព័ន្ធអុិនធឺណិត ដោយប្រើកម្មវិធី ទូរស័ព្ទ WhatsApp នេះបើតាមការចុះផ្សាយរបស់ BBC នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧។
ប្រភពមកពីប៉ូលិសបានឲ្យដឹងថា ពួកគេបានរកឃើញវេបសាយខុសច្បាប់មួយ ដែលមានរូបភាពអាសអាភាសរបស់កុមារជាច្រើន ដោយរូបភាពនោះត្រូវបានគេបង្ហោះចូលទៅក្នុងកម្មវិធី WhatsApp ដើម្បីឲ្យអ្នកប្រើប្រាស់ទាំងឡាយអាចចុចចូលមើលបាន។ ក្នុងករណីនេះ ប៉ូលិសបានចាប់ខ្លួនជនល្មើសសរុប ៣៩នាក់ ខណៈដែលប៉ូលិសជាតិអេស្ប៉ាញសហប្រតិបត្តិការរួមគ្នា ជាមួយក្រុមការងារផ្នែកច្បាប់របស់ពិភពលោក។
គួរបញ្ជាក់ផងដែរថា WhatsApp គឺកម្មវិធីមួយដែលស្ថិតនៅក្រោមក្រុមហ៊ុន Facebook និងកំពុងពេញនិយមក្នុងការប្រើប្រាស់យ៉ាងខ្លាំង។ យ៉ាងណាមិញខាងក្រុមហ៊ុនក៏ត្រូវទទួលខុសត្រូវលើរឿងនេះដែរ៕

