កូរ៉េខាងជើង ចោទ អាមេរិក និង កូរ៉េខាងត្បូង ថាបានធ្វើការហាត់សមហោះហើរយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-1B នៅក្បែរព្រំដែនរវាងកូរ៉េទាំងពីរ ប៉ុន្តែអ្នកនាំពាក្យក្រសួងការពារជាតិ កូរ៉េខាងត្បូង បញ្ជាក់ថា នោះគឺជាសមយុទ្ធយោធារួមគ្នាមួយរវាងយន្តហោះទម្លាក់គ្រាប់បែក អាមេរិក និងយន្តហោះចម្បាំង កូរ៉េខាងត្បូង ។
សារព័ត៌មានរដ្ឋ កូរ៉េខាងជើង ផ្សាយថា យន្តហោះទម្លាក់គ្រាប់បែក B1-B ពីរគ្រឿង របស់ អាមេរិក ចេញពីមូលដ្ឋានយោធានៅលើកោះ ហ្កាំ (Guam) ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក អមដោយយន្តហោះ F-15 ចំនួន ៤ គ្រឿងរបស់ កូរ៉េខាងត្បូង ហោះហើរមិនឆ្ងាយពីទីប្រជុំជន កាងណ្យុង (Gangneung) ក្បែរព្រំដែនភាគខាងកើតប្រទេស ជាទីក្រុងស្ថិតនៅក្បែរខ្សែបន្ទាត់មិនឲ្យមានកងទ័ព និងជាកន្លែងកំណត់ព្រំដែនកូរ៉េទាំងពីរ ។
អគ្គបញ្ជាការដ្ឋានយោធា អាមេរិក ប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក បានបញ្ជាក់ផងដែរអំពីការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B1-B ទៅឧបទ្វីបកូរ៉េ ដោយពន្យល់ថាជាសកម្មភាពនៃការត្រៀមសមត្ថភាពប្រយុទ្ធប្រឆាំងនឹងការបំពាន និងជាការគាំទ្រដល់សម្ពន្ធមិត្ត ដែលអាចទទួលការគំរាម ។ យន្តហោះ B1-B របស់ អាមេរិក មានសមត្ថភាពអាចនាំយកគ្រាប់បែកនុយក្លេអ៊ែរ បានទៅដល់ឧបទ្វីបកូរ៉េ ក្រោយពី កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលមួយគ្រាប់បន្ថែមទៀតកាលពីថ្ងៃច័ន្ទ ជាមីស៊ីលដែល កូរ៉េខាងជើង អះអាងថា ទើបអភិវឌ្ឍថ្មី ។
ប្រភពៈ japantimes
