យុវជនបច្ចុប្បន្នហាក់កាន់តែមានចំណាប់អារម្មណ៍ខ្លាំងឡើងៗ លើធ្វើអាជីវកម្មផ្ទាល់ខ្លួនបើទោះបីជាអ្នកខ្លះរៀបមិនទាំងបានចប់ស្រួលបួលនោះទេ គឺគេមានក្តីមហិច្ឆតារួចទៅហើយក្នុងការចង់ក្លាយជាសហគ្រិនជោគជ័យវ័យក្មេង ដូច្នេះហើយ ពួកគេដាក់សំនួរសួរថា តើត្រូវធ្វើម៉េចដើម្បីក្លាយជាអ្នកមាន ឬសហគ្រិនជោគជ័យ?
ឆ្លើយតបនឹងសំនួរទាំងនេះ លោក ឧកញ៉ា គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន Mengly J.Quach Group បានចែករំលែកគន្លឹះជោគជ័យចំនួន៤ចំណុច ដល់សិស្ស និស្សិតជិត ៥០០នាក់ ក្នុងវេទិកាយុវជនមួយ លើប្រធានបទ "ស្ថានភាព និងគោលនយោបាយវិស័យសហគ្រិនភាពនៅកម្ពុជានាពេលបច្ចុប្បន្ន" ដែលបានរៀបចំឡើង យុវជនស្ម័គ្រចិត្ត អង្គការ YRDP កាលពីខែមេសាឆ្នាំ២០១៧កន្លងទៅនេះ នៅ សាលារៀនអន្តរទ្វីបអាម៉េរិកាំង នៅរាជធានីភ្នំពេញ។
ចំណុចសំខាន់ៗទាំង៤ ដើម្បីធ្វើឲ្យបុគ្គលម្នាក់ៗ ទទួលបានជោគជ័យនោះ រួមមាន ៖
- ស្វែងរកនូវចំណង់ចំណូលចិត្តជាក់លាក់របស់ខ្លួន
- មានចំណេះដឹងខ្ពង់ខ្ពស់
- ស្វែងរកបទពិសោធន៍
- មានជំនាញ
លោកបានបន្តឲ្យដឹងទៀតថា យ៉ាងមិញបើទោះបីជាមានចំណុចខាងលើហើយក៏ដោយ បើសុខភាពមិនល្អ គឺក៏មិនអាចទទួលបាននូវជោគជ័យដែរ ដូច្នេះបុគ្គលម្នាក់ៗត្រូវ តែមានសុខភាពល្អ និងមានចំណេះដឹងជាមុនសិន ទើបអាចឈានទៅរកភាពជោគជ័យបាន ពីព្រោះថា ពួកវាជាកត្តាដ៏សំខាន់សម្រាប់ដោះស្រាយនូវគ្រប់បញ្ហា។
បន្ថែមពីនេះលោកក៏បានបង្ហាញនូវវិធីសាស្ត្រមួយចំនួនទៀតដែរ ដើម្បីយកទៅតម្រង់ទិសដៅនឹងជំរុញឲ្យបង្កើតអាជីវកម្មកាន់តែទទួលបានផលវិជ្ជមាន ដែលវិធីទាំងនោះរួមមាន គឺ មានគម្រោងច្បាស់លាស់ អនុវត្តគម្រោង ពិនិត្យតាមដាន កែខៃបញ្ហាដែលកើតមានឡើងឲ្យក្លាយជាលក្ខណៈវិជ្ជមាន និងអនុវត្តឡើងវិញ។
គួររម្លឹកផងដែរថា បើតាមកញ្ញា ប៊ី សុខេមម៉ារី ប្រធានគណៈកម្មការរៀបចំ បានឲ្យដឹងថា វេទិកាយុវជនខាងលើនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនទៅលើស្ថានភាព និងការកំណត់គោលនយោបាយថ្មីៗនៃវិស័យសហគ្រិនភាព ព្រមទាំងលើកទឹកចិត្តដល់យុវជនឲ្យមានការបង្កើតសហគ្រិនសង្គមដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេស៕



