ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្ទាវ ពីរក្រុមប្រមាណជិត២០នាក់ បានដេញវ៉ៃគ្នានៅបរិវេណកាស៊ីណូមួយកន្លែង បណ្ដាល របួសធ្ងន់ស្រាល ៦នាក់ និងត្រូវអាវុធហត្ថខេត្តឃាត់ខ្លួនក្រុមបង្ក បានបួននាក់និងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់រួចហើយ កាលពីថ្ងៃទី១៤ ខែឧសភាម្សិលមិញ ក្រោយពីជនសង្ស័យខាងលើបានសារភាពដល់សមត្ថកិច្ច។
បើតាមលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នៅចំណុចបរិវេណកាស៊ីណូផារ៉ាម៉ិច ស្ថិតភូមិក្បាលស្ពានមួយសង្កាត់ ក្រុងប៉ោយប៉ែត មានក្មេងស្ទាវ ពីរក្រុម ដោយមួយក្រុមមានក្មេងស្ទាវក្រុម១០នាក់ព្រួតវ៉ៃក្មេងស្ទាវមួយក្រុមទៀតមានគ្នា ៦នាក់ ដោយដំបង ដុំថ្ម ឈើជ្រុង ខ្សែក្រវ៉ាត់បណ្តាលឲ្យអ្នកទាំង៦នោះរបួសធ្ងន់ស្រាល។
លោកបានបន្តថា៖ ជនរងគ្រោះទាំង៦នាក់នោះ រួមមាន៖១.ឈ្មោះ ហ៊ុន ឆាលី ២.ឈ្មោះ លីង ឆៃយ៉ា ៣.ឈ្មោះ សុខ ប៊ុនតឹង ៤.ឈ្មោះ ហឹង ស៊ីដែន ៥.ឈ្មោះ អន ភក្តី និង៦.ឈ្មោះ ហេង ណាទីន (រងរបួសធ្ងន់) ភូមិក្បាលស្ពានមួយសង្កាត់.ក្រុងប៉ោយប៉ែត។
ចំណែងឯជនសង្ស័យទាំងបួននាក់ដែលបង្ករបួសស្នាមត្រូវកងកម្លាំងរបស់លោកចាប់ខ្លួននោះ រួមមានទី១.ឈ្មោះ ចក់ អ៊ិ ភេទ ប្រុស អាយុ២១ឆ្នាំ ទី២.ឈ្មោះ រិទ្ធ សុហេង ភេទ ប្រុស អាយុ ២១ឆ្នាំ ទី៣.ឈ្មោះ ស.. ណ.. ភេទ ប្រុស អាយុ១៦ឆ្នាំ ទី៤.ឈ្មោះ ស.. ច.. ភេទ ប្រុស អាយុ១៦ឆ្នាំ ជនសង្ស័យរស់នៅភូមិក្បាលស្ពានមួយសង្កាត់ ក្រុងប៉ោយប៉ែត។
ចំណាំ៖ អត្តសញ្ញាណអនីតិជន ខេឃ្យូប សុំរក្សាសិទ្ធិមិនបង្ហាញទាំងស្រុងទេ។

