Sponsor
Pisey

កាល​ពី​ថ្ងៃ​ទី​០១​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ យុវជន​នៃ​អង្គការ​មាតា​ធម្មជាតិ​ បាន​ចេញ​ផ្សាយ​នូវ​វីដេអូ​រិះ​គន់​មួយ​ដល់​មន្ត្រី​នៃ​ក្រសួង​រ៉ែ​ និង​ថាមពល​ធ្ងន់​ៗ​ ដោយ​ចោទ​ប្រកាន់​ថា​មន្ត្រី​មាន​សមត្ថកិច្ច​ហាក់​គ្មាន​សមត្ថភាព​គ្រប់គ្រង​ការ​បូម​ខ្សាច់​ខុស​ច្បាប់​លក់​ទៅ​ក្រៅ​ប្រទេស​។

ពាក្យ​សំដី​រិះគន់​បែប​ធ្ងន់​ៗ​របស់​កញ្ញា​ លីម​ គីមស័រ​ សកម្មជន​របស់​អង្គការ​មាតា​ធម្មជាតិ​ ដែល​បាន​ចោទ​ប្រកាន់​ទៅ​មន្ត្រី​ពាក់ព័ន្ធ​នៃ​ការ​បូម​ខ្សាច់​យ៉ាង​សំបើម​នេះ​ បាន​ធ្វើ​ឲ្យ​លោក​ ឌិត​ ទីណា​ អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ចេញ​មក​បកស្រាយ​ទាក់ទង​នឹង​ការ​រិះគន់​របស់​សកម្មជន​មាតា​ធម្មជាតិ​ កាល​ពី​ម្សិល​មិញ​នេះ​ផង​ដែរ​ ដោយ​លោក​បាន​បរិយាយ​ដូច​តទៅ​នេះ​ ៖

«អរគុណ​ប្អូន​ស្រី​ អរគុណ​យុវជន​ មាតា​ធម្មជាតិ​ សម្រាប់​ការ​ផ្សាយ​ពី​រឿង​នេះ​ នៅ​ក្នុង​បណ្ដាញ​សង្គម​ ការ​ផ្សាយ​របស់​ប្អូន​ គឺ​ជា​ការ​ចូលរួម​ដ៏​ល្អ​មួយ​ តែ​បង​ពិត​ជា​មាន​ ការ​សោកស្ដាយ​ជា​ទី​បំផុត​  សោកស្ដាយ​នៅ​ត្រង់​ថា​ ប្រសិន​ពេល​ប្អូន​ឃើញ​ហេតុការណ៍​នេះ​ភ្លាម​ ប្អូន​ទាក់ទង​មក​ក្រសួង​ភ្លាម​ ដើម្បី​ចូលរួម​សហការ​ ម្ល៉េះ​សម​តែ​អាច​ចាប់​បាន​នៅ​នឹង​កន្លែង​ រឺ​ដឹង​កាន់​តែ​ច្បាស់​ថា​ខុស​ច្បាប់​ឬ​ក៏​អត់​?

មួយ​ទៀត​ប្អូន​ត្រូវ​យល់​ថា​ ខ្សាច់​ដែល​ផ្អាក​ហាម​នាំ​ចេញ​ មាន​តែ​ខ្សាច់​លុប​ និង​ខ្សាច់​សំណង់​ទេ​ ចំណុច​នេះ​ហើយ​ ដែល​ពិបាក​ឆ្លើយ​ថា​អ្វី​ដែល​ប្អូន​ឃើញ​ជា​បទ​ល្មើស​ ឬ​ក៏​អត់​? ប្រសិន​ប្អូន​មិនមែន​ជា​មន្ត្រី​ជំនាញ​ ឬ​អ្នក​បច្ចេកទេស​ ប្អូន​នៅ​តែ​អាច​ធ្វើ​ការងារ​នេះ​ តាម​ការ​សហការ​មក​ក្រសួង​ដើម្បី​ទទួល​បាន​ព័ត៌មាន​ច្បាស់​ និង​ចាត់​វិធានការ​បាន​ទាន់​ពេល​។ ផ្ទុយ​ទៅ​វិញ​ប្អូន​ឃើញ​ តែ​មិន​រាយការណ៍​ ដោយ​ថត​ជា​វីដេអូ​ និង​ចំណាយ​ពេល​កាត់​ត​បង្ហោះ​ ហើយ​សួរ​មិន​ផ្ទាល់​មក​កាន់​រដ្ឋមន្ត្រី​ក្រសួង​។

តើ​អ្វី​ដែល​ប្អូន​ធ្វើ​ពិត​ជា​ក្នុង​ចេតនា​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ ឬ​គ្រាន់​តែ​ក្នុង​ន័យ​ជាន់​ពន្លិច​

ឃើញ​ចោរ​មិន​ហៅ​ប៉ូលិស​ចាប់​ចោរ​ បែរ​ជា​ថត​ចោរ​ ហើយ​ស្រែក​ថា​ប៉ូលិស​អត់​សមត្ថភាព​ បើក​ដៃ​ឲ្យ​ចោរ​លួច​»។

ទោះ​ជា​យ៉ាង​សូម​ប្រិយមិត្ត​ត្រិះរិះ​ពិចារណា​ចំពោះ​ការរិះគន់​ និង​ការ​បកស្រាយ​ដូច​ដែល​មាន​ស្រាប់​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ និង​ប្រទេស​ឲ្យ​រីក​ចំរើន​ប្រកប​ដោយ​ទំនួលខុសត្រូវ​ និង​សន្តិវិធី​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor