ប្រទេសថៃ ៖ ថ្នាំញៀនពីរប្រភេទ ដែលមានចំនួនរាប់លានគ្រាប់ ត្រូវបានក្រុមតម្រួតថៃសហការជាមួយនឹងកម្លាំងជំនាញ នៃអង្គភាពប្រឆាំងគ្រឿងញៀន ចេញប្រតិបត្តិការបង្ក្រាបបាន ខណៈដែលជនសង្ស័យប្រុស ស្រី ពីរនាក់ បានរៀបចំថ្នាំញៀនទាំងនោះពេញបាតរថយន្ត ហើយកំពុងធ្វើចរាចរណ៍ឆ្លងកាត់ទីតាំងត្រួតពិនិត្យ ។
យោងតាមព័ត៌មានដែលហើយទទួលបានគឺ កិច្ចប្រតិបត្តិការនេះបានប្រព្រឹត្តឡើងកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១រសៀល ត្រង់ចំណុច ម៉ែត្រស្ថិតក្នុងស្រុក ម៉ែត្រ ខេត្តឡាំប៉ាង ប្រទេសថៃ ដែលទីតាំងបង្ក្រាបនេះគឺជាចំណុចដែលកម្លាំងបានដាក់បារាសឈរជើងនៅទីនោះដើម្បីត្រួតពិនិត្យ លើមធ្យោបាយធ្វើដំណើរ។
របាយការណ៍បានបន្តថា នៅពេលនោះដែរគឺមានរថយន្តមួយគ្រឿង ម៉ាក អ៊ីស៊ុយៗ D-MAX ពណ៌ស ពាក់ស្លាកលេខ ឈាងរ៉ាយ ១៧៨៧ បានបើកបរឆ្លងកាត់ទីតាំងត្រួតពិនិត្យ ដោយរថយន្តនោះមានដឹកទំនិញនៅលើទ្រុងខាងក្រោយផង។ នៅពេលនោះកម្លាំងបានធ្វើការឆែកឆេរ ដើម្បីត្រួតពិនិត្យ ក៏បានប្រទះឃើញមានថ្នាំញៀនជាច្រើននៅបាតរថយន្ត ទើបកម្លាំងបានឃាត់ខ្លួនមនុស្សចំនួនពីរនាក់ ដែលជាអ្នកបើកបរ និងអ្នករួមដំណើរ ជាបណ្ដោះអាសន្នសិន ដើម្បីនាំខ្លួនយកទៅសាកសួរ ។
នៅក្នុងឱកាសនោះដែរ ក្រៅពីក្រុមតម្រួត និងកម្លាំងអង្គភាពជំនាញចុះទៅត្រួតពិនិត្យក៏មានវត្តមានរបស់លោក អភិបាលខេត្ត ឡាំប៉ាង គឺលោក សុវត្ថិ ព្រហ្មសុវណ្ណ ផងដែរដែលលោកបានធ្វើសេចក្ដីថ្លែងការមួយ នៅចំពោះមុខបណ្ដាអ្នកសារព័ត៌មានជាច្រើនស្តីពីកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំមួយនេះ ដែលកន្លងមកមិនដែលមានទាល់តែសោះ ។
ព្រោះក្រោយពេលត្រួតពិនិត្យគេសង្កេតឃើញថា ការរឹបអូសវត្ថុតាងរួមមាន រថយន្ត មួយគ្រឿងថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ១ ១៥៦ ០០០ គ្រាប់ ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ប្រាំពីរគីឡូក្រាម ដោយជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានចំនួនពីរនាក់ ដែលមានឈ្មោះ សក្តិស្យាម ចៃម៉ន ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ ស៊ុំហឫទ័យ បួឥន្ទ្រ ភេទស្រី អាយុ២៧ឆ្នាំ អ្នកទាំងពីររស់នៅក្នុងស្រុកផាន ខេត្តឈាងរ៉ាយ ដូចគ្នា ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងគឺថ្នាំញៀនដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានកម្លាំងជំនាញរៀបចំបំពេញឯកសារ ដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ ៕

