រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ ប.ស.ស បានឲ្យដឹងថា មន្រ្តីរាជការទាំងអស់ នៅទូទាំងប្រទេស នឹងទទួលបានការធានាលើគ្រោះថ្នាក់ការងារ និងការថែទាំសុខភាព ទៅទទួលសេវានៅមន្ទីរពេទ្យដោយមិនបាច់បង់លុយ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ចុះហត្ថលេខាលើអនុក្រឹត្យមួយស្តីពី លក្ខខណ្ឌបែបបទ និង នីតិវិធីនៃការផ្ដល់តាវកាលិកផ្នែកហានិភ័យការងារ សម្រាប់មន្ត្រីសាធារណៈ។
ការឲ្យដឹងនូវដំណឹងដ៏ល្អនេះបានធ្វើឲ្យឡើងនៅព្រឹកថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ២០១៧នេះ តាមរយៈហ្វេសប៊ុកផ្លូវការរបស់លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយនៃបេឡាជាតិរបបសន្តិសុខសង្គម និងអ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម ( ប.ស.ស) នៃក្រសួងការងារនិងបណ្តុះបណ្តល។
ក្នុងហ្វេសប៊ុករបស់លោក ជាវ ប៊ុនរិទ្ធ បានសរសេរយ៉ាងដូច្នេះថា៖ " ចូលរួម អបអរសាទរ មន្រ្តីរាជការទាំងអស់ ទូទាំងប្រទេស នឹងទទួលបានការធានាលើគ្រោះថ្នាក់ការងារ និងការថែទាំសុខភាព ទៅទទួលសេវានៅមន្ទីរពេទ្យដោយមិនបាច់បង់លុយ បន្ទប់ពីសម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាលើអនុក្រឹត្យនេះ ។ ទីស្តីការគណៈរដ្ឋមន្រ្តី ៩ ឧសភា ២០១៧"៕
