Sponsor
Pisey
ភ្នំពេញ ​ជំរុញ​ឲ្យ​​អាជ្ញាធរ​មូលដ្ឋាន​និង ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ ចុះ​ពន្លឿន​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​រស់នៅ​លើ​បណ្ដោយ​ផ្លូវ​រថភ្លើង​ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ផ្លូវ​ដែក​នេះ​ឲ្យ​ជា​ផ្លូវ​​​​បេតុង ​និង​រៀប​ចំ​លំ​នៅ​ឋាន​​ប្រជាពលរដ្ឋ​ឲ្យ​​បាន​ឆាប់​រហ័ស​។

នេះ​បើ​តាម​ប្រសាសន៍​របស់​ឯកឧត្ដម ប៉ា សុជាតិវង្ស ​ក្នុង​ឱកាស​ចុះ​ត្រួត​ពិនិត្យ​ផល​ប៉ះពាល់​លំ​នៅ​ឋាន​ប្រជាពលរដ្ឋ​រស់​នៅ​តាម ​បណ្ដោយ​ផ្លូវ​រថភ្លើង​ នៅ​ខណ្ឌ​ឫស្សីកែវ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤​ ​ខែ​ឧសភា ​ដើម្បី​កែ​លម្អ​ស្ថានភាព ​នៃ​ការ​រស់នៅ​តាម​បណ្តាយ​ ផ្លូវ​រថភ្លើង ​និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​បាន​ល្អ​។

ឯកឧត្តម​បាន​បន្ត​ថា ​ការ​ពន្លឿន​ដោះស្រាយ ​ផល​ប៉ះពាល់​ជូន​បងប្អូន​ អាជ្ញាធរ​រាជធានី​នឹង​ខិតខំ​ ដោះស្រាយ​បញ្ហា​បន្តិច​ម្ដង​ៗ​ឱ្យ​បាន​​ចប់​សព្វ​គ្រប់​ និង​មាន​កន្លែង​រស់នៅ​បាន​សមរម្យ​ដោយ​មិន​ចាំ​បាច់ ​រើ​ចេញ​ពី​តំបន់​ នេះ​ឡើយ​។

ឯកឧត្ដម​​​ក៏​អះអាង​ពី​គម្រោង​​នេះ​ដែរ​ថា​ "ខ្ញុំ​សូម​បញ្ជាក់​ថា​​ គ្មាន​ការ​​បណ្ដេញ​បងប្អូន​មួយ​គ្រួសារ​ណា​ឡើយ ​ហើយ​យើង​នឹង​រៀប​ចំ​បងប្អូន​ឱ្យ​មាន​លំនៅដ្ឋាន​លើ​ផ្លូវ​រថភ្លើង​នេះ​ទាំង​អស់​គ្នា​តែ​ម្តង​ សូម​បងប្អូន​ទាំង​អស់​នឹង​ន​ក្នុង​ចិត្ត​និង​កុំ​ជឿ​តាម​ការ​ញុះញង់​របស់​ក្រុម​មួយ​ចំនួនដែល​ចង់​ឱ្យ​តែ​សង្គម​វឹកវរ និង​បងប្អូន​ភិតភ័យ​"​។​ 

យោង​តាម​ AKP  ​​​មន្ត្រី​សាធារណការ​​​រាជធានី​ភ្នំពេញ​ ក៏បាន​​​ឲ្យដឹង​ដែរ​​ថា ​គម្រោង​ផ្លូវ​បេតុង ​ជំនួស​ផ្លូវ​ដែក​នេះ ​មាន​ទំហំ​ទទឹង​ម្ខាង​១​៥​ម៉ែត្រ​ ក្នុង​នោះ​ត្រូវ​សាងសង់​តួ​ផ្លូវ​២​២​ម៉ែត្រ​ និង​ទុក​ចិញ្ចើម​ម្ខាង​៤​ម៉ែត្រ​ សម្រាប់​ដាក់​លូ ​និង​ប្រព័ន្ធ​ទឹក​ស្អាត​ជា​ដើម​។​ ចំពោះ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ អាជ្ញាធរ​នឹង​ដោះស្រាយ​ផល​ប៉ះពាល់​បន្តិច​ម្ដង​ៗ​ ឱ្យ​បាន​ចប់​សព្វ​គ្រប់​ជូន​ប្រជាពលរដ្ឋ​​។

​ការ​អភិវឌ្ឍ​ផ្លូវ​ដែក​ឱ្យ​ទៅ​ជា​ផ្លូវ​បេតុង​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​នេះ ​មាន​ប្រវែង​ជិត​ ៥​គីឡូ​ម៉ែត្រ ​ចាប់​ពី​ផ្លូវ​លេខ​៧០​ទំនប់​ទួលគោក​ ខណ្ឌ​ទួលគោក ​ឆ្ពោះ​ទៅ ​ផ្លូវ​ជាតិ​លេខ​ ៥​ ខណ្ឌ​ឫស្សីកែវ​ ត្រង់​ចំណុច​រោងចក្ រ​S​K​D​ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor