ឧបទ្ទវហេតុផ្ទុះអណ្ដូងរ៉ែមួយកន្លែង នៅខេត្ត Golestan ភាគខាងជើងប្រទេស អុីរ៉ង់ បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៣៥នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន aljazeera នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧។

អាជ្ញាធរក្នុងស្រុកបានបញ្ជាក់ថា ករណីផ្ទុះអណ្ដូងរ៉ែឆេះឡើងយ៉ាងសន្ធោសន្ធៅខាងលើនេះ ដំបូងបានសម្លាប់មនុស្សត្រឹមតែ ២១នាក់ប៉ុណ្ណោះ ក្រោយក្រុមការងារសង្គ្រោះបន្ទាន់ បានរកឃើញចំនួនសាកសពជាបន្តបន្ទាប់។ លោក Shahin Fathi ប្រធានអង្គការអឌ្ឍចន្ទក្រហម និងអង្គភាពសង្គ្រោះបន្ទាន់របស់អុីរ៉ង់ បានឲ្យដឹងថា កម្មកររ៉ែជាង ៤០នាក់ទៀតកំពុងជាប់ខ្លួននៅខាងក្នុងអណ្ដូងរ៉ែ។ យ៉ាងណាមិញគ្រោះថ្នាក់ដ៏រន្ធត់នេះ ត្រូវបានគេអះអាងថា បណ្ដាលមកពីផ្ទុះធ្លាយហ្គាស។
គួររម្លឹកផងដែរថា នេះមិនមែនជាលើទី១ នៃគ្រោះថ្នាក់ផ្ទុះអណ្ដូងរ៉ែឧស្សាហកម្ម នៅអ៊ីរ៉ង់ ដោយសារកាលពីឆ្នាំ២០១៣ មានមនុស្សចំនួន ១១នាក់បានស្លាប់ និង២០នាក់ទៀតក្នុងឆ្នាំ២០០៩៕


