សិល្បៈ ៖ រយៈពេលពីថ្ងៃហើយដែលកើតការរិះគន់ពីប្រជាពលរដ្ឋខ្មែរទៅលើភាពយន្ត ថៃ ដែលយករូបប្រាសាទអង្គរវត្តធ្វើជា Poster រឿង "បារមីនាគរាជ" ។ រូបភាពខាងលើនេះធ្វើឲ្យទស្សនិកជនខ្មែរជាច្រើនមិនសប្បាយចិត្ត នឹងរង់ចាំស្ដាប់មន្ត្រីក្រសួងពាក់ព័ន្ធដោះស្រាយ រហូតមានការចោទសួរថា ទង្វើបែបនេះខុស ឬត្រូវ ? តែសម្រាប់ការចម្លើយពីក្រសួងបានឆ្លើយនៅព្រឹកនេះថា មិនទាន់ដឹងទេ ព្រោះកំពុងធ្វើការមិនទាន់ក្ដោបបានព័ត៌មានជាក់លាក់។
ពីរថ្ងៃនេះកូនខ្មែរជាច្រើនកំពុងចាប់អារម្មណ៍លើបញ្ហាភាពយន្តថៃយកប្រាសាទអង្គរវត្តធ្វើជា Poster ក្នុងខ្សែភាពយន្តរឿង "បារមីនាគរាជ"ខ្លាំង ទង្វើនេះទោះជាមិនបានបង្ហាញចេតនាវិជ្ជមាន ឬអវិជ្ជមានមកលើសម្បត្តិបេតិកភណ្ឌរបស់ខ្មែរក្ដី ក៏ម្ចាស់កេរដំណែលដ៏មានតម្លៃមួយនេះ បង្ហាញការព្រួយបារម្ភ និងទាមទារសុំឲ្យក្រសួងពាក់ព័ន្ធចេញមុខបញ្ជាក់ឲ្យបានច្បាស់។ នេះជាបទសម្ភាសន៍តាមទូរស័ព្ទរវាងលោក តាន់ ចន្ថា ជាមួយឯកឧត្ដម ថៃ នរសត្យា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ៖
តាន់ ចន្ថា ៖ ជម្រាបសួរឯកឧត្ដមក្មួយឈ្មោះ តាន់ ចន្ថា អ្នកផលិតព័ត៌មាននៅវេបសាយ Kqube.net បាទ ! ឯកឧត្ដមមកដល់ថ្ងៃនេះ តើរឿងរ៉ាវភាពយន្តថៃយករូបប្រាសាទអង្គរវត្តធ្វើជាប៊ែន័រផ្សព្វផ្សាយនោះ ក្រសួងមានចំណាត់ការដល់ណាហើយ ?
ថៃ នរសត្យា ៖ ក្រសួងមិនទាន់មានចំណាត់ការដល់ណាទេ ព្រោះពេលនេះក្រសួងត្រូវការសិក្សាឲ្យបានច្បាស់លាស់ ដើម្បីឲ្យដឹងពីមូលដ្ឋាន ដើម្បីឲ្យដឹងរឿងរបស់វា បើសិនយើងគ្រាន់តែទទួលបានព័ត៌មានតាមហ្វេសប៊ុកទៅប្រតិកម្មទីណាត់ទីណែងទៅ ក្រែងមានប្រតិកម្មមិនល្អកើតមាន ព្រោះយើងមិនបានដឹងច្បាស់ថា ការផ្សព្វផ្សាយនេះមានប្រភពមកពីណា តែយើងក៏មិនបណ្ដែតបណ្ដោយថាមិនយកចិត្តទុកដាក់ដែរ ព្រោះតែរឿងនេះហើយទើបក្រសួងឲ្យមានការសិក្សាជុំវិញរឿងហ្នឹងច្បាស់ ទើបយើងធ្វើការឆ្លើយតប ឬយើងបង្ហាញព័ត៌មានហ្នឹងទៅកាន់មហាជនបាន ហើយបើប្រតិកម្មដោយមិនទាន់បានដឹងរឿងច្បាស់គឺស្មើនឹងយើងមិនចេះធ្វើការមិនដឹងអី។
តាន់ ចន្ថា ៖ តើមកដល់ពេលនេះខាងក្រសួងមានឲ្យមន្ត្រីជំនាញចុះទៅសិក្សាពីបញ្ហាហ្នឹងហើយ ឬនៅឯកឧត្ដម ?
ថៃ នរត្យា ៖ យើងខ្ញុំគ្រាន់តែប្រាប់ថា ពេលនេះមន្ត្រីជំនាញរបស់ក្រសួងកំពុងធ្វើការ តែប៉ុណ្ណឹងគឺចប់សព្វគ្រប់ហើយ ចាំទទួលបានព័ត៌មានអី ចាំប្រាប់ជូន ព្រោះគ្មានអ្វីដែលត្រូវលាក់លៀបទេ ក្នុងនាមអ្នកអភិរក្ស អ្នកការពារចំពោះមុខរដ្ឋាភិបាល ចំពោះមុខប្រទេសជាតិមានរឿងអីត្រូវលាក់ គឺយើងជៀសវាងណាស់ការបកស្រាយមិនច្បាស់តាមគេតាមឯង។
តាន់ ចន្ថា ៖ ឯកឧត្ដមក្មួយមានសំណួរបន្ថែម ពាក់ព័ន្ធរូបភាពដែលគេបានបង្ហាញនេះ បើវាជាការពិត តើវាមានកំហុសឆ្គងម៉េចដែរ ?
ថៃ នរសត្យា ៖ កន្លែងហ្នឹងហើយដែលខ្ញុំចង់ជម្រាបថា បើយើងមិនទាន់ដឹងថា អាហ្នឹងវាមែន ឬមិនមែន ហើយពាក់ព័ន្ធនឹងច្បាប់ទម្លាប់យ៉ាងណា អាហ្នឹងហើយដែលយើងមិនអាចបង្ហាញជូនច្បាស់ ប៉ុន្តែគ្រាន់តែចង់ជម្រាបថា នៅក្នុងគោលនយោបាយលើវិស័យវប្បធម៌របស់យើង យើងបានដាក់ទឹកដីកម្ពុជានេះជាកន្លែងស្វាគមន៍ថតភាពយន្តបរទេស អ៊ីចឹងអង្គរវត្តក្ដី បេតិកភណ្ឌផ្សេងៗទៀតក្ដីគឺសុទ្ធតែគេអាចថតបានទាំងអស់ បើសិនជាមានការសុំច្បាប់អ៊ីចឹងទៅ តែរឿងផ្សព្វផ្សាយខាងលើយើងមិនទាន់ដឹងថាមានច្បាប់ ឬអត់នោះទេ ដូច្នេះហើយយើងកំពុងសិក្សាលើចំណុចហ្នឹង។
តាន់ ចន្ថា ៖ ក្មួយមានសំណួរមួយទៀត ក្រោយពីកើតមានព័ត៌មាននេះមកមានព័ត៌មានថា ភាពយន្តថៃមួយនេះក៏មានការថតនៅលើទីតាំងអង្គរវត្តខ្លះៗដែរ តើក្រសួងមានធ្លាប់ទទួលបានលិខិតស្នើសុំថត ដែរឬទេ ?
ថែ នរសត្យា ៖ វានៅតែជាការឆ្លើយពីដំបូងរបស់ខ្ញុំដដែលអ៊ីចឹង រឿងនេះវាមិនទាន់ច្បាស់ គឺព័ត៌មានតាមហ្វេសប៊ុក ចឹងហើយ បើយើងទៅប្ដឹងគេ តើប្ដឹងពីរឿងអី អង្គហេតុយ៉ាងម៉េច បើមិនទាន់ដឹងថា គេដាក់ហ្នឹងក្នុងគោលបំណងល្អ ឬអាក្រក់ផងហ្នឹង ហើយក៏មិនទាន់ដឹងច្បាស់ថា គេដាក់មែន ឬក៏មិនមែនផងហ្នឹង ក្នុងនាមក្រសួងខិតខំធ្វើការណាស់មិនដូចការលើកឡើងថា មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស៊ីតែប្រាក់ខែរដ្ឋគ្មានធ្វើការអីនោះទេ ខ្ញុំធ្វើការជិតងាប់ហើយនែក! ខ្ញុំជជែកជាមួយប្អនពេលនេះ ខ្ញុំកំពុងធ្វើដំណើរតាមផ្លូវឆ្ងាយ។
ទោះជាការបកស្រាយរបស់ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឃើញហើយមិនហ៊ានថា ភាគីផលិតករថៃយករូបប្រាសាទអង្គរវត្តធ្វើ Posterក្ដី ប៉ុន្តែតាមរយៈរូបភាពនៃផ្ទាំងផ្សព្វផ្សាយគឺមាន Logooផលិតកម្ម ដែលបង្ហាញយ៉ាងច្បាស់ថា ការធ្វើអាជីវកម្មនេះគឺឆ្លងកាត់ពីក្រសួងពាក់ព័ន្ធរបស់ប្រទេសថៃច្បាស់លាស់ ដូច្នេះហើយទើបប្រជាពលរដ្ឋខ្មែរម្ចាស់កេរដំណែលប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌជាតិមានការព្រួយបារម្ភខ្លាចការផ្សព្វផ្សាយរបស់ថៃមិនមានផលចំណេញមកភាគីយើង៕


