ក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក បានតែងតាំងអតីតប្រធានការិយាល័យស៊ើបអង្កេត FBI លោក រ៉ូបឺត ម៉េឡ័រ (Robert Mueller) ជាប្រធានក្រុមប្រឹក្សាស៊ើបអង្កេតករណី ប្រទេស រុស្ស៊ី បានជ្រៀតជ្រែកទៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី សហរដ្ឋអាមេរិក កាលពីឆ្នាំមុន និងការឃុបឃិតរវាងក្រុមយុទ្ធនាការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ជាមួយនឹងប្រទេស រុស្ស៊ី ។
ការតែងតាំងលោក រ៉ូបឺត ម៉េឡ័រ ជាប្រធានក្រុមប្រឹក្សាស៊ើបអង្កេត ធ្វើឡើងតំណាលពេលដែលសេតវិមានស្ថិតក្រោមការរិះគន់ដោយសារតែលោក ដូណាល់ ត្រាំ ដែលបានដកដំណែងប្រធាន FBI លោក ចេម ខូមី (James Comey) ក្នុងនោះគណបក្សប្រជាធិបតេយ្យ និងសមាជិកគណបក្សសាធារណរដ្ឋមួយចំនួនទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យថាតើប្រទេស រុស្ស៊ី បានបានជ្រៀតជ្រែកក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១៦ ពិតមែនឬយ៉ាងណា ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌ លោក ដូណាល់ ត្រាំ និយាយថា លោកមានបំណងដោះស្រាយបញ្ហានេះឲ្យបានឆាប់ ចំណែកសមាជិកសភា បានស្វាគមន៍ក្រសួងយុត្តិធម៌ដែលកំពុងដោះស្រាយបញ្ហានេះ ប៉ុន្តែសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ឲ្យដឹងថា មេដឹកនាំសភាទាំងពីរនឹងធ្វើការស៊ើបអង្កេតផ្ទាល់ខ្លួន ទៅលើបញ្ហាប្រទេស រុស៊្សី ជ្រៀតជ្រែកក្នុងការបោះឆ្នោត សហរដ្ឋអាមេរិក ។ លោក រ៉ូបឺត ម៉េឡ័រ អាយុ ៧២ ឆ្នាំ ជាអតីតទាហាន ម៉ារីន ធ្លាប់កាន់ឆ្លងកាត់សង្គ្រាមវៀតណាម និងជាអតីតរដ្ឋអាជ្ញាសហព័ន្ធ និងជាមនុស្សដែលគេស្គាល់ថា មានភាពហ្មត់ចត់ ។
