ក្មេងស្រីអភ័ព្វម្នាក់អាយុ ៧ ឈ្មោះ Phakamad Sangchai រស់នៅទីក្រុង ណងខៃ នៃប្រទេសថៃ បានប្រឈមមុខនឹងបញ្ហាបែកញើសជាឈាមតាមភ្នែក, ច្រមុះ, ត្រចៀក, និងស្បែក គ្រប់ពេលដែលនាងមានបញ្ហាឈឺក្បាលកើតឡើង ហើយបញ្ហានេះបានកើតឡើងចំពោះក្មេងស្រីម្នាក់នេះជាង ៦ ខែមកហើយ។ ទោះបីជាមានការព្យាយាមព្យាបាលជំងឺរបស់ក្មេងម្នាក់នេះនៅមន្ទីរពេទ្យក្នុងស្រុកជាច្រើនដងយ៉ាងណា ក៏ ក្មេងស្រីម្នាក់នេះនៅតែមិនអាចធូរស្រាល ដែលជាហេតុធ្វើឲ្យក្រុមគ្រួសាររបស់ក្មេងស្រីចាប់ផ្តើមបាត់បង់ជំនឿចិត្ត និងក្តីសង្ឃឹមយ៉ាងខ្លាំង។
ក្មេងស្រី Phakamad បានប្រាប់ឲ្យដឹងថា:
ខ្ញុំមិនចង់ល្បីនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់ឱ្យនរណាម្នាក់អាចជួយព្យាបាលជំងឺដ៏កម្រ នឹងអាថ៌កំបាំងមួយនេះដែលខ្ញុំកំពុងតែមាន។ ជំងឺនេះបានធ្វើឲ្យជីវិតរបស់ខ្ញុំជួបការលំបាក ហើយខ្ញុំពិតជាមានការព្រួយបារម្ភថាវានឹងអភិវឌ្ឍន៍កាន់តែអាក្រក់ទៅៗនៅថ្ងៃខាងមុខ។ មនុស្ស និងគ្រូពេទ្យជាច្រើនប្រាប់ខ្ញុំថា មនុស្សក្នុង១លាននាក់ គឺមានតែមនុស្សម្នាក់ប៉ុន្នោះដែលអាចជួបនឹងជំងឺបែបនេះ។ ជំងឺនេះប្រហែលជាអាចមានឈ្មោះថាឹ "hematohidrosis" ដែលជាជំងឺម្យ៉ាងធ្វើឲ្យបែកញើសមកជាឈាម វាមិនបានបង្កឲ្យមានការឈឺចាប់ខ្លាំងទេ តែអាចនឹងធ្វើឲ្យយើងអស់កម្លាំងព្រោះខ្វះឈាមច្រើន។
ក្រុមគ្រួសារ និងម្តាយរបស់ក្មេងម្នាក់នេះនៅបន្តព្យាយាមស្វែងរកការពិតនៃជំងឺនេះ ដើម្បីអាចព្យាបាលជំងឺកូនស្រីរបស់នាងបាន។
ម្តាយរបស់ក្មេងស្រី Phakamad បានប្រាប់ឲ្យដឹងថា:
ក្រុមគ្រូពេទ្យនៅតែមិនប្រាកដ ១០០ភាគរយ អំពីជំងឺដ៏កម្រនេះក្រោមពីការធ្វើរោគវិនិច្ឆ័យ ហើយខ្ញុំសង្ឃឺមថាពួកគេនឹងរកការពិត និងរកវិធីសាស្រ្តព្យាបាលជំងឺកូនស្រីរបស់ខ្ញុំ។ ខ្ញុំបានចំណាយពេលស្វែងរកនៅលើអ៊ិនធឺណេតដោយខ្លួនឯងផ្ទាល់ និងបានរកឃើញថាជំងឺនេះប្រហែលជាហៅថា "Hematohidrosis" ដែលមានលក្ខខណ្ឌស្រដៀងជំងឺកូនស្រីរបស់ខ្ញុំ ប៉ុន្តែពួកយើងនៅតែបន្តរង់ចាំចម្លើយពិតពីខាងមន្ទីរពេទ្យ។
មកដល់ពេលនេះក្រុមគ្រួសាររបស់ក្មេងស្រីអភ័ព្វ បានផ្តល់ការយកចិត្តទុកដាក់ និងឲ្យកម្លាំងចិត្តដល់ក្មេងស្រី ដើម្បីឲ្យនាងមានសង្ឃឹមជាបន្តទៀតប្រឆាំងនឹងជំងឺឈាមដ៏ចំឡែកនេះ។ ម្តាយរបស់ក្មេងស្រីបាននិយាយថា កូនស្រីរបស់នាងតែងតែជាក្មេងស្រីដែលសប្បាយរីករាយ និងបន្តមានស្នាមញញឹមជារៀងរហូត និងគ្រប់ពេលដែលនាងអាចធ្វើបាន នាងគឺជាក្មេងស្រីដ៏ក្លាហានម្នាក់។
ទស្សនាវីដេអូរបស់ក្មេងស្រីខាងក្រោមនេះ
Source: dailymail
