រដ្ឋាភិបាលសហរដ្ឋអាមេរិក ទើបបានចេញសេចក្ដីស្នើសុំមួយទៀតទៅកាន់កូរ៉េខាងជើង ឲ្យឈប់បង្កបញ្ហា បើពុំនោះទេភាគីទាំងពីរនឹងប៉ះគ្នាក្នុងសង្គ្រាមលោកលើកទី៣ជាមិនខាន ដោយការព្រមាននេះ ត្រូវបានអះអាងថាជាលើកចុងក្រោយទៀតផង។ នេះបើយោងតាមការចុះផ្សាយរបស់ព័ត៌មាន Daily Star នាព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។
ក្នុងអំឡុងដែលពេលតានតឹងខ្លាំងជាមួយកូរ៉េខាងជើង អាមេរិកបានបញ្ជូនអាវុធចម្បាំងជាច្រើនទៅកាន់សមុទ្រ ផេនីស៊ូលា ហើយថ្មីៗនេះបានបន្ថែមយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរមួយចំនួនទៀត ដើម្បីធ្វើសមយុទ្ធជាមួយសម្ព័ន្ធមិត្តកូរ៉េខាងត្បូងត្រៀមប្រកាសសង្គ្រាមប្រយុទ្ធប្រឆាំងកម្មវិធី នុយក្លេអ៊ែររបស់មេដឹកនាំលោក គឹម យុងអ៊ុន។
ទាក់ទិននឹងបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីលលឺសិន (Rex Tillerson) បានជូនដំណឹងទៅដល់លោកប្រធានាធិបតីចិន Xi Jingping ឲ្យមកចូលរួមចរចាគ្នានៅទីក្រុងវ៉ាស៊ីនតោន ដើម្បីរកមធ្យោបាយបង្ខំឲ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបោះបង់ចោលនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ការពារសន្តិសុខនៅឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ផងដែរថា ការលើកឡើងរបស់អាមេរិកខាងលើនេះ ធ្វើឡើងបន្ទាប់ប្រធានាធិបតីចិនជំរុញឲ្យមេដឹកនាំផ្ដាច់ការកូរ៉េខាងជើងមកចរចារវាងត្រីភាគីក្នុងទីក្រុងវ៉ាស៊ីនតោន ស្ដីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ប៉ុន្តែ លោក គឹម យុងអ៊ុន បានធ្វើពហិការ ហើយបន្តគំរាមកំហែងទៅលើអាមេរិកយោធាអាមេរិកនៅកូរ៉េខាងត្បូង រួចនិយាយផ្គើនថា ខ្លួនបានត្រៀបធ្វើសង្គ្រាមរួចហើយ៕

