រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ មានសន្តិសុខម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងប៉ុស្តិ៍យាម ខណៈពេលនេះសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ ស្ថិតនៅក្នុងរោងចក្រ រោងពុម្ពមួយកន្លែង ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពបណ្ដាញសង្គមជាច្រើនចុះផ្សាយផ្ទាល់ និងបានជូនដំណឹងបឋមថា ហេតុការណ៍ត្រូវបានគេប្រទះឃើញនៅម៉ោងប្រមាណ ៥ និង ៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ ដោយ ជនរងគ្រោះខាងលើមានឈ្មោះថា រាម វណ្ណៈ ហៅថា យ៉ាវ អាយុជាង២៣ឆ្នាំ មុខរបរជានិស្សិតពេទ្យសត្វ ឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។
សូមបញ្ជាក់ថា តាមស្ត្រីម្នាក់ត្រូវជាសាច់ញាតិជនរងគ្រោះខាងលើបានឲ្យដឹងថា បុរសជាសន្តិសុខរូបនេះមានស្រុកកំណើតនៅខេត្តស្វាយរៀង។ តាមបញ្ជាក់ពីសាច់ញាតិខាងលើដដែលបានឲ្យដឹងថា នៅថ្ងៃម្សិលមិញជនរងគ្រោះបានជិះម៉ូតូលក្ខណៈធម្មតា មិនមានជំងឺ ឬអាការៈណាមួយធ្វើឲ្យមានការសង្ស័យនោះទេ ស្រាប់តែនៅព្រឹកនេះ បែរជាប្រទះឃើញស្លាប់តែម្ដង៕

