យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ចុះផ្ទុះឆេះភ្លាមៗ បណ្ដាលឲ្យពីឡុតចំនួន២នាក់ស្លាប់ និងអ្នកដំណើរជាច្រើននាក់រងរបួស ដោយឧបទ្ទវហេតុនេះបានកើតឡើងកាលពីយប់មិញ នៅប្រលានយន្តហោះ Teterboro ទីក្រុងញ៉ូវយ៉ក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC នាព្រឹកថៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០១៧។
អាជ្ញាធរបានបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរដែលធ្លាក់ឆេះយ៉ាងសន្ធោសន្ធៅខាងលើ ម៉ាក Learjet 35 ដោយបានធ្លាក់កាលពីវេលាម៉ោងប្រមាណ ៣:៣០នាទីល្ងាច (ម៉ោងនៅក្នុងតំបន់) ចម្ងាយ ប្រមាណជា ៤រយម៉ែត្រពីប្រលានយន្តហោះ Teterboro នៅក្នុងរដ្ឋ New Jersey ភាគខាងលិច នៃទីក្រុងញ៉ូវយ៉ក។
ប៉ូលិសបានបន្ថែមទៀតថា ក្រុមពន្លត់អគ្គីភ័យបានរកឃើញសាកសព ពីឡុតចំនួន២នាក់ ខណៈដែលអ្នកដំណើរជាច្រើននាក់ត្រូវបានសង្គ្រោះបន្ទាន់។ យ៉ាងណាមិញពួកគេមិនទាន់ប្រាប់ពីមូលហេតុនៃការធ្លាក់នៅឡើយ។

