Sponsor
Pisey

រាជធានី​ភ្នំពេញ​៖​ ក្រោយ​ពី​មាន​ការ​ព្រួយ​បារម្ភ​​ពី​​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​និង​​បាន​ស្នើ​សុំ​​​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​នាំ​ចូល​សត្វ​ជ្រូក​ពី​ប្រទេស​ជិត​ខាង​នោះ​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ បាន​លើកឡើង​ថា​ កម្ពុជា​មិន​អាច​ហាម​ឃាត់​មិន​​មាន​ការ​នាំ​ចូលរួម​សត្វ​ជ្រូក​រស់​ពី​ប្រទេស​ជិត​ខាង​ដាច់​ខាត​នោះ​​​ទេ ​ប៉ុន្តែ​កម្ពុជា​អាច​កំណត់​ចំនួន​ការ​នាំ​ចូល​សត្វ​ជ្រូក​​ឲ្យបាន​ច្បាស់​លាស់​បាន​។​​ ​​​​

នេះ​បើ​តាម​ប្រសាសន៍​របស់​​ ឯកឧត្ដម​រដ្ឋមន្ត្រី​ វេង សាខុន​ បាន​ថ្លែង​ក្នុង​​​កិច្ច​ពិភាក្សា​ជាមួយ​តំណាង​សមាគម​អ្នក​ចិញ្ចឹម​ជ្រូកនៅ​កម្ពុជា​ ជាលើកដំបូង​ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​ឧសភា ​ឆ្នាំ​២០១​៧​ នៅ​ទីស្តីការ​ក្រសួង ដែល​មាន​ឯកឧត្ដម​ និង​លោក​ឧកញ៉ា​ ម៉ុង ឬទ្ធី​ ធ្វើជា​សហប្រធាន​ក្រុមការងារ​ កសិកម្ម​ កសិឧស្សាហកម្ម​ បន្ទាប់​ពី​មាន​សំណើ​​របស់​ពួកគេ​បាន​ស្នើឡើង​ នៅសាលប្រជុំអគ្គនាយកដ្ឋាន សភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០១៧​។​

​​ឯកឧត្តម​រដ្ឋមន្ត្រី​  បាន​បន្ថែម​ថា​ ​ដើម្បី​ជា​ដំណោះស្រាយ ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​ ​ក្រសួង​កសិកម្ម​ ​​សម្រេច​ឲ្យ​ក្រុមហ៊ុន​នាំ​ជ្រូក​ចូល​អនុវត្ត​តាម​ច្បាប់​ឡើង​វិញ ​ដោយ​នាំ​ចូល​តែ ១​២​៥០​ក្បាល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​ ហើយ​ប្រសិន​ជា​ក្រុមហ៊ុន​បំពាន​ នោះ​ក្រសួង​នឹង​ចាត់​វិធាន​តាម​ផ្លូវ​ច្បាប់​។​​​​​

សូម​បញ្ជាក់​ផង​ដែរ​ថា ​​​តម្រូវ​ការ​ជ្រូក​សម្រាប់​ផ្គត់​ផ្គង់​នៅ​​ប្រទេស​កម្ពុជា​ មាន​ចំនួន​ ៨​ពាន់​ក្បាល ​ក្នុង​មួយ​ថ្ងៃ​  ខណៈ​​​កម្ពុជា​អាច​ចិញ្ចឹម​ជ្រូក​និង​ផ្គត់ផ្គង់​ខ្លួន​ឯង​ បាន​ ​៧​ពាន់​ក្បាល​ ប៉ុន្តែ​​ការ​នាំចូល​សត្វ​ជ្រូក​ពី​ប្រទេស​ជិត​ខាង​ មាន​រហូត​ដល់​​ចន្លោះ​ ពី​ ៣​ពាន់​ទៅ​ ៤​ពាន​ក្បាល ដូច្នេះ​វា​កក្តា​ដែល​ធ្វើឲ្យ​សមាគម​អ្នក​ចិញ្ចឹម​​ជ្រូក​នៅ​កម្ពុជា​ ក៏​ដូចជា​ កសិករ​ក្នុងស្រុក ​មាន​ការ​ព្រួយបារម្ភខ្លាំង​និង​ប្រឈម​នឹង​​ហានិភ័យ​​​​ តម្លៃ​ជ្រូក​ធ្លាក់​ចុះ ដែល​មិន​អាច​ទូទាត់​ថ្លៃ​ដើម​បាន​។​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor