ខេត្តក្រចេះ៖ សត្វសារិកាកែវវង ប្រមាណជាង ៦៥០ ក្បាល ប៊ិះនឹងសង្ស័យជីវិតក្រោមស្នាដៃឈ្មួញទុច្ចរិតលាក់ទុកបម្រុងលោតឆ័ត្រទៅលក់នៅប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចចម្រុះ ខេត្តក្រចេះ ឆ្មក់សង្គ្រោះបាន កាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ ម្សិលមិញនេះ នៅក្នុងភូមិព្រែកសាម៉ាន់ ឃុំបុសលាវ ស្រុកចិត្របុរី។
បើតាមលោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើ កន្ទួតបានឲ្យដឹងថា ប្រតិបត្តិការនេះ បានដឹកនាំលោក អ៊ូង សម្បត្តិ អភិបាលរងស្រុកចិត្របុរី និងកម្លាំងជំនាញរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះស្រុក-ខេត្ត ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានធ្វើការរឹបអូសយកសត្វសារិកាកែវវងបានប្រហែល៦៥០ក្បាលភ្លាមៗ ខណៈដែលក្រុមឈ្មួញទុច្ចរិតបានយកមកស្តុកទុក ក្នុងបំណងយកទៅលក់នៅប្រទេសវៀតណាម។
បើតាមសមត្ថកិច្ចបានឲ្យដឹងដែរថា ម្ចាស់ទីតាំងស្តុកសត្វសារិកាកែវវងនោះមានឈ្មោះ ពក ណេង ភេទ ប្រុស រស់នៅទីតាំងកើតហេតុខាងលើ ហើយត្រូវបានរត់គេចខ្លួនបាត់ស្រមោលហើយ នៅពេលសមត្ថកិច្ចជំនាញបានឆ្មក់ចុះបង្ក្រាប។ ក្រោយមកសមត្ថកិច្ចបានសម្រេចរឹបអូសសត្វសារិកាកែវទាំងនេះទៅរក្សាទុកបណ្ដុះអាសន្ននៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ហើយនិងធ្វើកំណត់ហេតុ រួចលេងឲ្យសត្វទាំងនេះមានសេរីវិញនៅល្ងាចថ្ងៃដដែល។ ប្រភព៖ ម៉េង គាង ក្រចេះ

