មេធាវីការពារក្ដីក្រុមសិទ្ធិមនុស្សដ៏ល្បីល្បាញម្នាក់ក្នុងប្រទេស ថៃ ប្រឈមនឹងការជាប់ពន្ធនាគារ ១៥០ ឆ្នាំ ប្រសិនបើតុលាការរកឃើញថាមានទោសតាមការចោទប្រកាន់ចំនួន ១០ ករណី ក្នុងនោះមានការប្រមាថព្រះមហាក្សត្រ ។ លោក ប្រាវេត ប្រាផានុគុល (Prawet Prapanukul) អាយុ ៥៧ ឆ្នាំ ជាអ្នកតែងផ្ដល់ជំនួយការផ្នែកច្បាប់ដល់សមាជិកក្រុមគណបក្សនយោបាយប្រឆាំងមួយនៅក្នុងប្រទេស ថៃ ឈ្មោះរណៈសិរ្សប្រជាធិបតេយ្យប្រឆាំងផ្ដាច់ការ ។
លោក ប្រាវេត ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការឆ្មក់ចាប់ខ្លួនក្នុងផ្ទះ ធ្វើឡើងដោយប៉ូលិស និងទាហានកាលពីចុងសប្ដាហ៍ និងត្រូវបានបញ្ជូនឡើងតុលាការទីក្រុង បាងកក កាលពីថ្ងៃពុធ ជាពេលដែលលោកត្រូវបានតុលាការចោទចំនួន ១០ ករណី ពីបទជេរប្រមាថ និង ៣ ករណីពីបទបំពានលើមាត្រា ១១៦ នៃច្បាប់ឧក្រិដ្ឋកម្ម ។
នៅមិនទាន់ច្បាស់ថាតើលោក ប្រាវេត បានសរសេរឬនិយាយពាក្យសម្ដីអ្វីខ្លះដែលនាំទៅរកការចាប់ខ្លួន និងចោទប្រកាន់ដូច្នេះឡើយ ប៉ុន្តែក្រុមអ្នកច្បាប់ក្នុងប្រទេស ថៃ និយាយថា លោក ប្រាវេត ត្រូវបានចោទប្រកាន់រួមជាមួយនឹងមនុស្ស ៥ នាក់ផ្សេងទៀត ជាអ្នកដែលត្រូវប្រឈមចំពោះច្បាប់ប្រមាថមហាក្សត្រ ។ លោក ប្រាវេត ត្រូវបានឃាត់ខ្លួនមុនសវនាការ និងឃុំឃាំងក្នុងពន្ធនាគារយោធាទីក្រុង បាងកក ។

