នៅក្នុងប្រតិបត្តិការទូទាំងប្រទេសរបស់កងពលធំប្រឆាំងភេរវកម្ម ប៊ូគីត អាម៉ាន របស់ប្រទេស ម៉ាឡេស៊ី បានឈានទៅដល់ការចាប់ខ្លួនសមាជិក ISIS ៦ នាក់ ដែលជាបណ្ដាញមានមូលដ្ឋានក្នុងរដ្ឋ កេឡាន់តាន់ រត់ពន្ធអាវុធតាមច្រកភាគខាងត្បូងប្រទេស ថៃ ចូលប្រទេស ម៉ាឡេស៊ី ហើយរក្សាទុករយៈពេលមួយឆ្នាំកន្លងមកហើយ ដើម្បីត្រៀមវាយប្រហារក្នុងប្រទេស ម៉ាឡេស៊ី និងនៅបរទេស ។
ក្នុងចំណោមសមាជិក ISIS 6 នាក់នោះ មានពីរនាក់ត្រូវបានចាប់ខ្លួនក្នុងរដ្ឋ កេឡាន់តាន់ និង ៤ នាក់ចាប់ខ្លួនក្នុង ម៉ាឡាកា ប៉េណាង ចូហូ និង សេឡាងហ្គ័រ ។ ប្រតិបត្តិការរបស់ ISIS បង្ហាញឲ្យឃើញថា ក្រុមរដ្ឋឥស្លាមកំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័សនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ដោយសមាជិករាប់រយនាក់ត្រូវបានជ្រើសរើសចេញពីប្រទេស ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង ហ្វីលីពីន ដើម្បីបញ្ជូនទៅកាន់ប្រទេស ស៊ីរី និង អ៊ីរ៉ាក់ ។
ការស្រាវជ្រាវរកឃើញថា ក្រោយបាត់បង់ទីតាំងស្ទើរទាំងស្រុងនៅមជ្ឈិមបូព៌ា ISIS បានស្វះស្វែងរកមូលដ្ឋានថ្មី ដោយជ្រើសរើសទីតាំងណាមួយនៅអាស៊ីអាគ្នេយ៍ ក្នុងនោះមានតំបន់មួយឈ្មោះ តំបន់ប្រផេះ គឺសំដៅរកតំបន់ដែលរដ្ឋាភិបាលគ្រប់គ្រងមិនដិតដល់ ដូចជាកោះ ស៊ូឡាវេស៊ី ប្រទេស ឥណ្ឌូណេស៊ី និងតំបន់ខ្លះនៃប្រទេស ហ្វីលីពីន ។ ចំណែកភាគខាងត្បូងប្រទេស ថៃ ជាកន្លែងមានសកម្មភាពបំបែកខ្លួនរបស់ក្រុមឥស្លាមនិយម និងរដ្ឋ សាបាស់ ភាគខាងជើង ម៉ាឡេស៊ី ក៏អាចជាទីតាំងមានសក្ដានុពលសម្រាប់ ISIS ផងដែរ ។

