នាវាចម្បាំងអាមេរិកមួយគ្រឿង បានធ្វើដំណើរទៅក្បែរ តំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូងដែលគ្រប់គ្រងដោយប្រទេសចិន ហើយក៏ជាលើកដំបូងរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលមកកាន់តំណែង។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន CNN បានចេញផ្សាយនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។
នាវាពិឃាតម៉ាក USS Dewey បានធ្វើដំណើរកៀរបំផុត ២០គីឡូម៉ែត្រ ពីតំបន់កោះសិប្បនិម្មិតឈ្មោះ Mischief Reef នៃទីប្រជុំកោះ Spratly ដែលចិនកំពុងមានជម្លោះដែនទឹកជាមួយបណ្ដាប្រទេសជិតខាង មានសហរដ្ឋអាមេរិកគាំទ្រនៅពីក្រោយ។
ការបញ្ជូននាវាចម្បាំងខាងលើ ក្រោមហេតុផលសេរីភាពនាវាចររបស់ទីក្រុងវ៉ាស៊ីនតោន តែងតែធ្វើឲ្យចិនក្ដៅក្រហាយជានិច្ច ដោយចោទប្រកាន់ត្រង់ៗតែម្ដងថា សហរដ្ឋអាមេរិក កំពុងពង្រីកឥទ្ធិពលយោធានៅក្នុងតំបន់ ដែលជាមូលហេតុនាំឲ្យស្ថានភាពនៅក្នុងតំបន់កំពុងមានជម្លោះកាន់តែមានភាពស្មុគស្មាញកើនឡើង៕

