Pisey
ប្រទេសថៃ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីគេបានឃើញជនជាតិខ្មែរពីរនាក់ដែលត្រូវជាប្តី ប្រពន្ធនឹងគ្នា បានចាក់សំលាប់គ្នានៅក្នុងបន្ទប់ស្នាក់នៅ រហូតឈាមដាបពេញបន្ទប់ បន្ទាប់ពីគេបានឮសំលេងឈ្មោះប្រកែកគ្នាមួយសន្ទុះរួចមក ដោយបញ្ហានេះនៅមិនទាន់មានសមត្ថកិច្ចណាមួយធ្វើការសន្និដ្ឋានអំពីមូលហេតុបានឡើយ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងប្រទេសថៃបានបញ្ជាក់ថា ហេតុការណ៍ដែលបានកើតឡើង និងឈានដល់ការចាក់សំលាប់គ្នាបែបនេះ គឺនៅវេលាម៉ោង ៦ ព្រលប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងបន្ទប់ស្នាក់នៅរបស់ពលករខ្មែរដែលស្ថិតនៅខាងក្រោយស្ថានីយ៍ប្រេងឥន្ធនៈសាត់កូ ផ្ទះលេខ៧០ ភូមិ៨ ឃុំតានដៀវ ស្រុកកែងខយ ខេត្តសារៈបុរី ប្រទេសថៃ។
បើរតាមការរៀបរាប់ពីសាក្សីមួយចំនួនដែលស្នាក់នៅបន្ទប់ក្បែគ្នាបានអោយដឹងថា នៅមុនពេលកើតហេតុ ពួកគេបានឮប្តី ប្រពន្ធ ទាំងពីរនាក់នេះ មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងដែលពួកគេមិនដឹងថាដោយសារមូលហេតុអ្វីនោះទេ ហើយបន្ទាប់ពីលឺសំលេងយំ ស្រែកបានស្ងប់ស្ងាត់ទើបពួកគេមានការសង្ស័យក៏រាយការណ៍ទៅសមត្ថកិច្ចដើម្បីអោយចុះមកត្រួតពិនិត្យជាលទ្ធផលក៏បានប្រទះឃើញជនទាំងពីរនាក់ដេកស្លាប់នៅក្នុងថ្លុកឈាមអស់ទៅហើយ។
ក្រោយពេលចុះត្រួតពិនិត្យ ក្រុមតម្រួតថៃបានអះអាងថា សពជនរងគ្រោះទាំងពីនាក់នេះគឺជាប្តី ប្រពន្ធនឹងគ្នា ដោយបានមកធ្វើការនៅក្នុងប្រទេសថៃជាយូរមកហើយ ដោយ បុរសជាស្វាមីមានឈ្មោះ មុី មឿន អាយុ៣៤ឆ្នាំ និងភរិយាឈ្មោះ មុី មាសមល អាយុ៣០ឆ្នាំ អ្នកទាំងពីរមានស្រុកកំណើតនៅខេត្តតាកែវ ហើយក្រោយមកក៏បានមករស់នៅក្នុងសង្កាត់ទឹកថ្លា ក្រុងភ្នំពេញ។
សមត្ថកិច្ចថៃបានធ្វើការសន្និដ្ឋានជំហានដំបូងថា ក្រោយពីមានទំនាស់គ្នាយ៉ាងខ្លាំង និងមិនអាចរកវិធីដោះស្រាយបាន បុរសជាប្តីបានសម្រេចចិត្តប្រើប្រាស់កូនកាំបិតចិត្តផ្លែឈើ អារ ក ប្រពន្ធស្លាប់ភ្លាមៗតែម្តង បន្ទាប់មកក៏បានប្រើប្រាស់កន្សែងចង ក ខ្លួនឯងទៅ នឹងកង្ហារពិដាន ប៉ុន្តែការធ្វើអត្តឃាតនេះមិនបានសម្រេច ទើបប្រើកូនកាំបិតដដែលចាក់ទៅលើខ្លួនប្រាណដើម្បីសំលាប់ខ្លួនរហូតបានសម្រេច។
បច្ចុប្បន្នក្រុមគ្រូពេទ្យជំនាញបាននាំយកសពទាំងពីរនាក់ប្តី ប្រពន្ធ ទៅពិនិត្យដើម្បីធ្វើ កោសល្យវិច្ច័យសារជាថ្មី និងត្រៀមរៀបចំទាក់ទងទៅស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីស្រាវជ្រាវរកសាច់ញាតិក្នុងការបញ្ជូនសពត្រឡប់មកកម្ពុជាវិញ នាពេលខាងមុខនេះ។
រាល់បញ្ហាខាងលើនេះ យើងមិនអាចទាក់ទង និងសុំការបំភ្លឺពីលោក ចំរើន ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃបានទេ តាមរយៈទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នេះ៕
