ប្រធានាធិបតី ហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូតឺតេ និយាយថា ប្រទេស ចិន បានគំរាមថានឹងធ្វើសង្គ្រាមបន្ទាប់ពីលោកអះអាងអធិបតេយ្យភាពទឹកដីក្នុងតំបន់មានទំនាស់ក្នុងសមុទ្រចិនខាងត្បូង ។
លោក ឌូតឺតេ ធ្លាប់បាននិយាយប្រាប់ប្រធានាធិបតី ចិន លោក ហ្ស៊ី ជីនពីង នៅក្នុងជំនួបកន្លងមកថា ហ្វីលីពីន នឹងជីកអណ្ដូងប្រេងក្នុងតំបន់ដែលតុលាការអាជ្ញាកណ្ដាលអន្តរជាតិទីក្រុង ឡាអេ បានសម្រេចសាលក្រមដោយផ្ដល់អធិបតេយ្យភាពរបស់ ហ្វីលីពីន នូវតំបន់ខ្លះក្នុងសមុទ្រចិនខាងត្បូង ។
ប៉ុន្តែលោក ហ្ស៊ី ជីនពីង ឆ្លងតបថា “ល្អ ប្រសិនបើលោកបង្ខំ យើងគឺត្រូវបានគេបង្ខំឲ្យនិយាយការពិតមួយថា យើងប្រាកដជានឹងប្រយុទ្ធតទល់គ្នា” ។ ចាប់តាំងពីឡើងកាន់តំណែងកាលពីខែ មិថុនា ឆ្នាំមុន លោក ឌូតឺតេ បានជួសជុលទំនាក់ទំនងដែលល្អក់កករជាមួយប្រទេស ចិន ដោយសរសើរចំពោះការទទួលបានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចជាច្រើន ក្នុងនោះមានកម្ចី និងវិនិយោគ មានតម្លៃជាទឹកប្រាក់ ២៤ ពាន់លានដុល្លារ ។
ចំណែកប្រទេស ហ្វីលីពីន ឈ្នះក្នុងបណ្ដឹងតុលាការអាជ្ញាកណ្ដាលអន្តរជាតិ កាលពីខែ កក្កដា ឆ្នាំមុន ស្ដីអំពីអធិបតេយ្យភាពដែនដីសមុទ្រចិនខាងត្បូង ។ សមាជិកអាស៊ានទាំង១០បានប្រជុំក្នុងប្រទេស ចិន និងព្រមព្រៀងទៅលើពង្រាងក្រមប្រតិបត្តិស្ដីអំពីសកម្មភាពក្នុងសមុទ្រចិនខាងត្បូង ដោយក្នុងកិច្ចប្រជុំនោះ ប្រទេស ហ្វីលីពីន និង ចិន បានជួបគ្នាដាច់ដោយឡែក ដើម្បីពិភាក្សារកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមក អំពីបញ្ហាសមុទ្រចិនខាងត្បូង ។
