រដ្ឋាភិបាល ថៃ ទុកពេលឲ្យក្រុមហ៊ុន Facebook រយៈពេលមួយសប្ដាហ៍ទៀតដើម្បីលុបរូបភាព និងអត្ថបទចំនួន ១៣១ ចេញពីបណ្ដាញសង្គមនេះ ប្រសិនបើមិនធ្វើតាមការទាមទារ រដ្ឋាភិបាលនឹងដាក់បណ្ដឹងតាមផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុន ដែលមិនព្រមលុបចោលនូវរូបភាព និងអត្ថបទទាំងឡាយដែលប្រមាថដល់មហាក្សត្ររបស់ប្រទេស ថៃ ។
ថៃ គឺជាប្រទេសដែលមានច្បាប់តឹងរ៉ឹងបំផុតចំពោះអ្នករិះគន់រាជវង្ស ដោយអ្នកដែលមានទោសពីបទប្រមាថមហាក្សត្រត្រូវមានទោសជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ក្នុងនោះ មនុស្សជាង ១០០ នាក់ ត្រូវបានភ្នាក់ងាររដ្ឋាភិបាលរកឃើញថាបានបង្ហោះ និងចែករំលែកនូវរូបភាព និងអត្ថបទប្រឌិត ដែលបង្ហាញពីការកាត់ទោសមហាក្សត្រ ថៃ ។
ប្រធានគណៈកម្មការគ្រប់គ្រងការផ្សព្វផ្សាយព័ត៌មាននិយាយថា ប្រសិនបើអត្ថបទខុសច្បាប់ទាំងនោះនៅតែមានលើ Facebook ដូច្នេះរដ្ឋាភិបាល ថៃ នឹងពិភាក្សាដើម្បីអនុវត្តវិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុននេះ ។ ទោះយ៉ាងណា រដ្ឋាភិបាល ថៃ បានសរសើរដល់ក្រុមហ៊ុន Facebook ដែលបានលុបចោលនូវអត្ថបទចំនួន ១៧៨ ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ ប៉ុន្តែរដ្ឋាភិបាលឆ្ងល់ថាហេតុអ្វីមិនលុបចោលអត្ថបទដែលនៅសល់ ហេតុនេះរដ្ឋាភិបាលចង់ដឹងមូលហេតុ ។
Facebook បានបិទមិនឲ្យអ្នកប្រើប្រាស់មើលវីដេអូដែលមហាក្សត្រ ព្រះចៅ មហាវ៉ាជិរ៉ាឡុងកន បច្ចុប្បន្នពាក់អាវអ៊ៀម បញ្ចេញរូបសាក់ពេញខ្លួន ជាវីដេអូក្នុងពេលដែលព្រះអង្គចូលហាងទំនិញ មុនពេលបិតាសោយទិវង្គត ហើយអាជ្ញាធរ ថៃ បានស្នើឲ្យក្រុមហ៊ុន Facebook លុបវីដេអូនោះជាបន្ទាន់ ។
ប្រភពៈ independent

