រដ្ឋាភិបាលថៃទីបំផុតបានសម្រេចចុះហត្ថលេខាទិញនាវាមុជទឹកទី១ ក្នុងចំណោមនាវាសរុបចំនួនបី ពីចិន ខណៈប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងមួយនេះ បានយល់ព្រមបន្ថែមជូនមីស៊ីលម៉ាក់ CM-708 សមត្ថភាពបាញ់ចេញពីនាវាមុជទឹកនៅក្នុងរយៈចម្ងាយ ២៩០គីឡូម៉ែត្រ ជាច្រើនគ្រាប់ដោយឥតគិតថ្លៃទៀតផង។
បើតាមការចេញផ្សាយពីកាសែតបាងកកប៉ុស្តិ៍ បានឲ្យដឹងថា មន្ត្រីតំណាងរបស់កងនាវាថៃ និងក្រុមហ៊ុនផលិតនាវាចិន CSOC បានការចុះហត្ថលេខារួចរាល់ហើយនៅក្នុងទីក្រុងប៉េកាំង ដោយភាគីចិនមិនបានកែប្រែកិច្ចសន្យានេះឡើយ។ស្របគ្នានោះដែរអគ្គព្រះរាជអាជ្ញារបស់រដ្ឋាភិបាលយោធាថៃក៏បានធ្វើការសម្របសម្រួលជាមួយរដ្ឋាភិបាលចិនផងដែរ។
គួរបញ្ជាក់ថា កិច្ចសន្យារយៈពេល១១ឆ្នាំ នៃការទិញនាវាមុជទឹកចំនួន ៣គ្រឿងពីក្រុមហ៊ុនផលិតនាវាចិន ហើយនាវាចម្បាំងទី១ ដែលបានទិញនេះម៉ាក Yuan Class S26T ក្នុងតម្លៃ ១៣.៥ពាន់លានបាត ដោយតម្រូវឲ្យភាគីថៃបង់ថវិកាមុនចំនួន ៧រយលានបាត ក្រោយមកចិនបានសន្យាប្រគល់ជូនយោធាជើងទឹកថៃ ក្នុងរយៈពេល ០៦ឆ្នាំ បូករួមទាំងមីស៊ីល CM-708 សមត្ថភាពបាញ់ចេញពីនាវាមុជទឹកជាច្រើនគ្រាប់ទៀតផងដែរ៕

