Gonzalo Higuain និយាយថា គាត់នៅតែទទួលរងឥទ្ធិពលភ័យខ្លាចនៃការរកគ្រាប់បាល់នៅចុងម៉ោងរបស់Sergio Ramos ខណៈក្រុមទាំងមូល កំពុងរៀបចំខ្លួនការប្រកួតតទល់ជាមួយអតីតមិត្តរួមក្រុម ពេលដែលJuventus ទទួល Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League។
ក្រុមទាំងពីរនឹងជួបគ្នានៅថ្ងៃសៅរ៍ក្នុងទីក្រុង Cardiff ខណៈ Madrid ត្រូវការរក្សាការពារដំណែងជើងឯកស្របពេល Juventus ត្រូវការលើកពាននេះជាថ្មីម្ដងទៀត ក្រោយពេលឈ្នះលើកចុងក្រោយកាលពីឆ្នាំ១៩៩៦។ Higuain ធ្លាប់បានចំណាយពេល៧ឆ្នាំដំបូងនៅកីឡដ្ឋាន Santiago Bernabeu ហើយមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយ Ramos ខ្លាំងជាងគេ តែអ្វីដែលកីឡាករអាហ្សង់ទីនរូបនេះបារម្ភ គឺការរកគ្រាប់បាល់ចុងម៉ោងរបស់ខ្សែការពារអេស្ប៉ាញ ដូចដែលធ្លាប់រកបានកាលជួប At. Madrid ក្នុងChampions League ឆ្នាំ២០១៤ និងឆ្នាំ២០១៦។
“ សង្ឃឹមថា Romos នឹងមិនរកគ្រាប់បាល់បាននៅនាទី៩០ទៅចុះ។ ខ្ញុំនៅមានទំនាក់ទំនងល្អជាមួយគាត់ ទាំងក្រុមគ្រួសារ ហើយយើងតែងតែផ្ញើសារសួរសុខទុក្ខគ្នាទៅវិញទៅមក។" សម្ដី Higuain។
“ បាល់ទាត់ពេលខ្លះប្រឈមជាមួយស្ថានភាពដូចពេលនេះ ដែលខ្ញុំត្រូវជួបអតីតក្លឹបខ្លួនឯងនៅវគ្គផ្ដាច់ព្រ័ត្រ។ ខ្ញុំត្រូវប្រឈមមុខជាមួយក្លឹបដែលខ្ញុំចំណាយពេលក្នុងអាជីពដំបូង។ខ្ញុំមិនអាចសង្កត់ធ្ងន់ថាតើខ្ញុំអាចយកឈ្នះ Real Madrid ដោយរបៀបណាក្នុង Champions League សម្រាប់ Juventusនោះទេ។"
កីឡាករពាក់អាវលេខ៩ក្នុងជម្រើសជាតិអាហ្សង់ទីនរូបនេះបានបន្តទៀតថា“ ខ្ញុំធ្លាប់នៅទីនោះ៧ឆ្នាំហើយខ្ញុំដឹងគ្រប់យ៉ាងនៅទីនោះយ៉ាងច្បាស់ ប៉ុន្តែយើងចង់បានពានជាមួយ Juventus ។ ខ្ញុំសង្ឃឹមថាយើងឈ្នះហើយ គ្មានបញ្ហាថានរណាអ្នករកគ្រាប់បាល់បាននោះទេ។ ខ្ញុំមកទីនេះដើម្បីឈ្នះ"៕
